រុស្ស៊ី នាំចេញប្រេងឆៅ ទៅកាន់ប្រទេសចិន ឈានដល់កំណត់ត្រាគឺ ១,៨៦លានបារ៉ែល ក្នុងមួយថ្ងៃ ក្នុងខែមករា កើនឡើង ៤៦%
បរទេស៖ ការដឹកជញ្ជូនប្រេងឆៅ តាមសមុទ្ររបស់រុស្ស៊ី ទៅកាន់ប្រទេសចិនបានឈានដល់កំណត់ត្រា ១,៨៦ លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងខែមករា កើនឡើង ៤៦% ធៀបនឹងឆ្នាំមុន ដោយសារតែការធ្លាក់ចុះ នៃការនាំចូលរបស់ឥណ្ឌា និងការកើនឡើង នៃសម្ពាធរបស់សហរដ្ឋអាមេរិកលើទីក្រុងញូវដេលី ដើម្បីទប់ស្កាត់ការទិញប្រេងរបស់រុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ថា ដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្មរបស់លោកខាងលិច ប្រទេសរុស្ស៊ី បានផ្លាស់ប្តូរទិសដៅនាំចេញ ថាមពលភាគច្រើនរបស់ខ្លួនទៅកាន់អាស៊ី ជាពិសេសទៅកាន់ប្រទេសឥណ្ឌា និងចិន ។ ការនាំចេញថាមពលរបស់ទីក្រុងមូស្គូ ទៅកាន់ប្រទេសចិនត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងថែមទៀត ដែលជំរុញដោយតម្រូវការខ្លាំង, នេះបើតាម លោក Aleksandr Daniltsev នាយកវិទ្យាស្ថានគោលនយោបាយពាណិជ្ជកម្មនៅសាលាឧត្តមសិក្សាសេដ្ឋកិច្ចជាតិ (HSE) បានប្រាប់ RT កាលពីថ្ងៃអង្គារ។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមកំហែងម្តងហើយម្តងទៀត អំពីទណ្ឌកម្មបន្ទាប់បន្សំ និងពន្ធលើប្រទេស ដែលទិញថាមពលរបស់រុស្ស៊ី ។ កាលពីសប្តាហ៍មុន លោកបានលុបចោលពន្ធ ២៥% លើប្រទេសឥណ្ឌា ដោយលោកនិយាយថា ឥណ្ឌាបានយល់ព្រមឈប់ទទួលប្រេងរបស់រុស្ស៊ី។
ការផ្លាស់ប្តូរនេះបានជំរុញឱ្យទីក្រុងមូស្គូវ៉ាដាច់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីក្លាយជាអ្នកផ្គត់ផ្គង់ប្រេងឆៅកំពូលរបស់ប្រទេសចិនសម្រាប់ខែនេះ។ ទិន្នន័យពីក្រុមហ៊ុនវិភាគថាមពល Kpler បានបង្ហាញថា ការដឹកជញ្ជូនតាមសមុទ្រ របស់រុស្ស៊ីមានកម្រិតខ្ពស់ជាង ៤៦% ធៀបនឹងប្រទេសអារ៉ាប៊ីសាអូឌីត ប្រហែល ១,២ លានបារ៉ែល ក្នុងមួយថ្ងៃនៅក្នុងខែមករា ទោះបីជាទីក្រុងរីយ៉ាដមានតួនាទីយូរអង្វែង ជាអ្នកផ្គត់ផ្គង់តាមសមុទ្រ សំខាន់របស់ប្រទេសចិនក៏ដោយ ៕
