ព័ត៌មានអន្តរជាតិ

អាមេរិកចំណាយ ៤០លានដុល្លារ ដើម្បីនិរទេសជនអន្តោប្រវេសន៍ ៣០០នាក់ ចេញពីទឹកដីអាមេរិក

បរទេស៖ រដ្ឋបាលលោក Trump បានចំណាយយ៉ាងហោចណាស់ ៤០ លានដុល្លារដើម្បីនិរទេសជនអន្តោប្រវេសន៍ប្រហែល ៣០០ នាក់ទៅកាន់ប្រទេសក្រៅពីប្រទេសរបស់ពួកគេ ខណៈដែលមន្ត្រីអន្តោប្រវេសន៍ បានពង្រីកការអនុវត្តក្នុង រយៈពេលមួយឆ្នាំចុងក្រោយនេះ ដើម្បីអនុវត្តគោលដៅរបស់លោកប្រធានាធិបតី Donald Trump ក្នុងការដកជនអន្តោប្រវេសន៍ ចេញពីសហរដ្ឋអាមេរិកយ៉ាងឆាប់រហ័ស។ នេះបើយោងតាមរបាយការណ៍ដែលចងក្រងដោយបុគ្គលិកប្រជាធិបតេយ្យនៃគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភា។

យោងតាមសារព័ត៌មាន AP ចេញផ្សាយ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ថា សមាជិកបក្សប្រជាធិបតេយ្យ នៅក្នុងគណៈកម្មាធិការទំនាក់ ទំនងការបរទេស ដែលដឹកនាំដោយសមាជិកព្រឹទ្ធសភា Jeanne Shaheen បានរិះគន់ការអនុវត្តការនិរទេស ទៅកាន់ប្រទេសទីបីថា “ចំណាយច្រើន ខ្ជះខ្ជាយ និងត្រួតពិនិត្យមិនបានល្អ” ហើយអំពាវនាវឱ្យមាន “ការត្រួតពិនិត្យយ៉ាងម៉ត់ចត់លើគោលនយោបាយ។

ក្រសួងការបរទេសអាមេរិក ដែលត្រួតពិនិត្យការចរចា ដើម្បីអនុវត្តកម្មវិធីនានា បានគាំទ្រការអនុវត្តការនិរទេសប្រទេសទីបី ហើយបានការពារវាជាផ្នែកមួយ នៃយុទ្ធនាការរបស់លោក Trump ដើម្បីបញ្ចប់អន្តោប្រវេសន៍ខុសច្បាប់។

របាយការណ៍នេះ ដែលជាការពិនិត្យឡើងវិញលើកដំបូងរបស់សភាលើកិច្ចព្រមព្រៀងទាំងនោះ បានរកឃើញថា ការទូទាត់ប្រាក់មានចន្លោះពី ៤,៧ លានដុល្លារ ទៅ ៧,៥ លានដុល្លារដល់ប្រទេសចំនួនប្រាំ គឺមានប្រទេស ហ្គីណេអេក្វាទ័រ រវ៉ាន់ដា អែលសាល់វ៉ាឌ័រ អេសវ៉ាទីនី និងប៉ាឡាវ ដើម្បីនិរទេសជនអន្តោប្រវេសន៍ ទៅកាន់ប្រទេសទាំងនោះ។ យោងតាមរបាយការណ៍, ប្រទេសអែលសាល់វ៉ាឌ័រ បានទទួលជនជាតិវេណេស៊ុយអេឡា ប្រហែល ២៥០ នាក់កាលពីខែមីនា ឆ្នាំមុន ខណៈដែលប្រទេសដទៃទៀត​ បានទទួលអ្នកដែលត្រូវបាននិរទេសតិចជាង ចាប់ពី ២៩ នាក់ត្រូវបានបញ្ជូនទៅហ្គីណេអេក្វាទ័រ រហូតដល់គ្មានអ្នកណាត្រូវបានបញ្ជូនទៅប៉ាឡាវរហូតមកដល់ពេលនេះ៕

To Top