ព័ត៌មានជាតិ

លោក ហួត ហាក់ ៖ សមិទ្ធផលក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ កើតចេញពីការរួមចំណែកពីគ្រប់ផ្នែក ជាមួយផែនការ និងការអនុវត្ត របស់សមាជិកបក្សម្នាក់ៗ យ៉ាងសកម្ម

ភ្នំពេញ៖ លោក ហួត ហាក់ បានគូសបញ្ជាក់ថា សមិទ្ធផលរបស់ក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ដែលសម្រេចបានក្នុងឆ្នាំ២០២៥ កើតចេញពីការរួមចំណែកពីគ្រប់ផ្នែក ជាមួយផែនការ និងការចាត់តាំងអនុវត្ត របស់សមាជិកបក្សម្នាក់ៗយ៉ាងសកម្ម ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ដោយលះបង់ពេលវេលា កម្លាំងកាយចិត្ត ។

ការលើកឡើងរបស់លោក ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារគណបក្សប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងពិធីផ្សព្វផ្សាយរបាយការណ៍ ស្ដីពីសភាពការណ៍ទូទៅ និង ការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ច ឆ្នាំ២០២៦ ក្នុងគោលបំណងដើម្បីបូកសរុបលទ្ធផលការងារ គណបក្សប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និង(២) ផ្សព្វផ្សាយរបាយការណ៍ ស្ដីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ កាលពីថ្ងៃទី១៥​ ខែកុម្ភៈ ឆ្នាំ២០២៦ ។

ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ លោក ហួត ហាក់ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារឆ្នាំ២០២៥ ជូនចំពោះ គណៈកម្មាធិការគណបក្សស្រុកស្ទឹងត្រង់, គណៈកម្មាធិការគណបក្សឃុំទាំង១២, អនុប្រធាន សមាជិកក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់, ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ទាំង១២ ក្នុងស្រុកស្ទឹងត្រង់ និងសមាជិក សមាជិកាគណបក្សទាំងអស់ នាពេលកន្លងមកនេះ។

ជាការពិត លោក ហួត ហាក់ បានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះកើតចេញពីការរួមចំណែកពីគ្រប់ផ្នែក គ្រប់ថ្នាក់ តាំងពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានដាក់ចេញនូវផែនការ, ការចាត់តាំងការអនុវត្ត, និងសមាជិកបក្សម្នាក់ៗ ចូលរួមអនុវត្តយ៉ាងសកម្ម ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ដោយលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ធនធាន ថវិកា និងសម្ភារៈសព្វគ្រប់បែបយ៉ាង ដោយមិនខ្លាចនឿយហត់ ដើម្បីបុព្វហេតុគណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា ជាពិសេសសម្រាប់បម្រើដល់ប្រយោជន៍រួម របស់ប្រជាជននៅស្រុកស្ទឹងត្រង់នេះផ្ទាល់។

ជាមួយគ្នានេះ លោក ហួត ហាក់ ក៏បានគូសបញ្ជាក់បន្ថែមថា ដោយគិតចាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គណបក្សយើងបានសម្រេចប្រគល់ភារកិច្ច ដល់យុវជនបន្តវេនជំនាន់ក្រោយ, ដែលគិតមកដល់ថ្ងៃនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា មានអាយុកាលប្រមាណ ២ឆ្នាំ ៥ខែ ២៥ថ្ងៃ, នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ គឺរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (មានអាយុ ២ឆ្នាំកន្លះ ឬពាក់កណ្ដាលអាណត្តិ) ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស, ជាបិតាសន្តិភាព និងជាអគ្គមគ្គុទ្ទេសក៍ឯក ប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសុខសន្តិភាពពេញលេញ, ឯកភាពទឹកដី និងការបង្រួបបង្រួមជាតិ។

បន្ថែមលើនេះ លោក ហួត ហាក់ មានប្រសាសន៍បន្ថែមថា គណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា កាន់តែមានជំនឿជឿជាក់, កាន់តែមានទំនុកចិត, និងកាន់តែមានសំណាង ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ជាយុវជនបន្តវេនដ៏ឆ្នើម, មានចក្ខុវិស័យវែងឆ្ងាយ ប្រកបដោយបញ្ញាញាណភ្លឺស្វាង ដែលបានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីសម្រេចចក្ខុវិស័យធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

To Top