ព័ត៌មានជាតិ

ជប៉ុនផ្តល់ថវិកា ជាង ៣១ម៉ឺនដុល្លារ សម្រាប់លើកកម្ពស់ប្រព័ន្ធថែទាំវះ កាត់តាមសហគមន៍ ក្នុងខេត្តក្រចេះ

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាសរុបចំនួន ៣១៦,៤៨៤ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនមួយ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។

កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយសម្រាប់អនុវត្តគម្រោង។

គម្រោងពង្រឹង និងពង្រីកការថែទាំវះកាត់ នៅក្នុងតំបន់ភូមិភាគឦសាន្ត នៃប្រទេសកម្ពុជា (ថវិកាចំនួន ៣១៦,៤៨៤ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) គម្រោងនេះ មានគោលបំណងលើកកម្ពស់ប្រព័ន្ធថែទាំវះកាត់តាមសហគមន៍ នៅក្នុងខេត្តក្រចេះ ដែល អាចឱ្យអ្នកជំងឺទទួលបានការព្យាបាលវះកាត់ទាន់ពេលវេលា និងសមស្រប។

លោក ឯកអគ្គរាជទូតជប៉ុន បានឱ្យដឹងថា គម្រោងដែលបានចុះហត្ថលេខា នាថ្ងៃនេះ អង្គការ FIDR នឹងពង្រឹងប្រព័ន្ធវេជ្ជសាស្ដ្រតាមសហគមន៍ ដោយយកខេត្តក្រចេះជាគោល ដើម្បីឱ្យប្រជាជនក្នុងតំបន់ទទួលបានការថែទាំវះកាត់សមស្រប។

សូមរំលឹកថា ជំនួយឥតសំណងសម្រាប់គម្រោង អង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពី ឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាព របស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញ នៅតាមកម្រិតមូលដ្ឋាន៕

To Top