ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ៖ មានពលរដ្ឋភៀសសឹក ៧៤.១៣៩នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន៤ម៉ឺននាក់ នៅមាន ៧៤.១៣៩នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញ ក្នុងនោះកុមារមាន ២៥.៣៧២នាក់។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង ៦ព្រឹក ថ្ងៃទី១៦ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីទាំងសងខាងពុំបានផ្ទុះអាវុធដាក់គ្នានោះឡើយ។

ក្រសួងមហាផ្ទៃ បន្ដថា ក៏ប៉ុន្តែ កម្ពុជា បានតាមដាន និងកត់ត្រាទុកនូវសកម្មភាពមិនស្មោះត្រង់ជាបន្តបន្ទាប់របស់ភាគីថៃ។

ក្រសួងមហាផ្ទៃ គូសបញ្ជាក់ថា «មានពលរដ្ឋភៀសសឹក ១.៣៥៨នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹក សរុបជាង៦សែន៤ម៉ឺននាក់ មានជាង៥សែន៧ម៉ឺននាក់ ឬជាង ៨៨% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន៧៤.១៣៩នាក់ទៀត (ស្ត្រី៣៩.១៧១នាក់ និង កុមារ២៥.៣៧២នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ»។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា គាំទ្រពេញទំហឹង លើការតវ៉ាដាច់អហង្ការរបស់រាជរដ្ឋាភិបាលចំពោះ សកម្មភាពមិនស្មោះត្រង់ ជាបន្តបន្ទាប់របស់ភាគីថៃ ដែលថ្មីៗនេះ បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគារ រដ្ឋបាល ស្ថិតក្នុងស្រុកថ្មពួក និងជីកប្រឡាយ សាងសង់ផ្លូវ ព្រមទាំងចាក់ដីលុបស្រះទឹក នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕

To Top