ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជំរុញឱ្យមន្ត្រីរាជការត្រៀមខ្លួនមិនត្រឹមតែចេះប្រើប្រាស់ តែត្រូវរៀនធ្វើជាម្ចាស់លើបច្ចេកវិទ្យា AI

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជំរុញឱ្យមន្ត្រីរាជការត្រៀមខ្លួនមិនត្រឹមតែចេះប្រើប្រាស់ តែត្រូវរៀនធ្វើជាម្ចាស់លើបច្ចេកវិទ្យា AI ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងកសាងឧត្តមភាពប្រកួតប្រជែងរបស់ជាតិ។

ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)» ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ចាត់ទុកបច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ច (Driver of Growth) សម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ។

លោក បានសង្កត់ធ្ងន់ថា ក្នុងបរិការណ៍នៃការប្រកួតប្រជែងសកល ប្រទេសនីមួយៗ រួមទាំងប្រទេសកម្ពុជាត្រូវវិនិយោគលើ AI ដើម្បីបង្កើននូវឧត្តមភាពប្រកួតប្រជែង (Competitive Advantage) ទាំងលើទិដ្ឋភាពសេដ្ឋកិច្ច បច្ចេកវិទ្យា យោធា និងសង្គម ។ សម្រាប់កម្ពុជា លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា ទោះបីកម្ពុជាមិនទាន់អាចឈានដល់កម្រិតបង្កើតបច្ចេកវិទ្យាថ្មី (Invention) ដោយខ្លួនឯង ប៉ុន្តែយើងត្រូវហ៊ានវិនិយោគ ដើម្បីមានសមត្ថភាពអាចចាប់យកបច្ចេកវិទ្យា ដែលមានស្រាប់មកប្រើប្រាស់ (Application) ឱ្យអស់លទ្ធភាព និងឱ្យត្រូវតាមតម្រូវការប្រើប្រាស់ជាក់ស្តែង បើពុំដូច្នោះទេយើងនឹងដើរក្រោយគេឆ្ងាយ។

លើសពីនេះ លោក បានផ្តល់ទស្សនាទានថា «យើងត្រូវរៀនសូត្រដើម្បី ធ្វើជាម្ចាស់លើ AI មិនមែនគ្រាន់តែជាអ្នកប្រើប្រាស់នោះទេ ដោយ AI គឺជាជំនួយការដ៏ល្អ ប៉ុន្តែការសម្រេចចិត្តចុងក្រោយត្រូវផ្អែកលើបញ្ញា (Intelligence), បទពិសោធ (Experience), Intuition និងប្រាជ្ញាវិនិច្ឆ័យ របស់មនុស្ស»។

ជាទិសដៅការងារបន្តសម្រាប់ទីស្តីការគណៈរដ្ឋមន្ត្រី លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានណែនាំឱ្យបង្កើត «ក្រុមការងារដឹកនាំកម្មវិធី AI Application» នៅក្នុងទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីសិក្សាពីចន្លោះខ្វះខាត និងរៀបចំផែនការប្រើប្រាស់ AI ក្នុងកិច្ចការប្រចាំថ្ងៃ ទៅតាមមុខងារនិងអង្គភាពដែលមានការចាំបាច់ ដើម្បីបង្កើនផលិតភាព គុណភាព និងប្រសិទ្ធភាពការងារ និងវិនិយោគលើការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីឱ្យដើរទាន់បច្ចេកវិទ្យា ដោយចាត់ទុកថាជាការវិនិយោគដើម្បីអនាគតរបស់ស្ថាប័នក៏ដូចជាសម្រាប់ប្រទេស៕

To Top