ក្មេងទំនើង២ក្រុម ត្រូវកម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងរក្សាទុកអាវុធដោយគ្មានការអនុញ្ញាត
តាកែវ៖ ក្មេងទំនើង ២ក្រុមផ្សេងគ្នា ត្រូវបានកងកម្លាំងនៃកងរាជអាវុធហត្ថខេត្តតាកែវ ធ្វើការឃាត់ខ្លួន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងរក្សាទុកអាវុធដោយគ្មានការអនុញ្ញាត។

បើតាមរបាយការណ៍ របស់កងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថា ដោយទទួលបានបទបញ្ជាពីឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធី ដោយលោកឡុង សិកាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងអាវុធហត្ថស្រុកសំរោង និងកម្លាំងអាវុធហត្ថស្រុកបាទី ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរងទទួលការងារនគរបាលយុត្តិធម៌ បានចុះបង្ក្រាបចំនួន២ករណី។

ក្នុងនោះ ករណីទី១ ហិង្សាដោយចេតនា ដែលប្រព្រឹត្តឡើងនៅវេលាម៉ោង១២:៣០នាទីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រង់ចំណុចផ្លូវកៅស៊ូ ស្ថិតនៅភូមិត្រពាំងស្ទង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ និងដកហូតម៉ូតូ០១គ្រឿងមួកសុវត្ថិភាព០១និងខ្សែក្រវ៉ាត់០១។

ដោយឡែកករណីទី២ រក្សាទុកអាវុធដោយគ្មានការអនុញ្ញាត បានចុះបង្ក្រាបនៅវេលាម៉ោង១៦:៣០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅត្រង់ចំណុចបន្ទប់ជួល ស្ថិតនៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ដកហូតវត្ថុតាង កាំបិតតាំងតោដងឬស្សី០១ដើម ប្រវែង០,៦៥ម៉ែត្រ កាំបិតតាំងតោដងឈើ០១ដើម ប្រវែង០,២៨ម៉ែត្រ និងដំបងដែករលាស់០១ដើមប្រវែង០,៤៤ម៉ែត្រ។
បច្ចុប្បន្នការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូន ជនសង្ស័យនិងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕
