ព័ត៌មានជាតិ

ស្ពានបេតុងមួយកន្លែង ស្ថិតនៅឃុំឈូកស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការហើយ

កំពង់ធំ៖ លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានអញ្ជើញទទួលស្ពានបេតុង ១កន្លែងមានប្រវែង ១៨ម៉ែត្រ ទទឹង៥ម៉ែត្រស្ថិតនៅក្នុងភូមិអន្សរក្រហាយ ឃុំឈូកស្រុកប្រាសាទសំបូរ  ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៧ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងឱកាសទទួលស្ពាននេះ លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានថ្លែងការដឹងគុណ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយ:តំណាងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា  ដែលបាន ជួយសាងសង់ស្ពានបេតុង
ប្រវែង១៨ម៉ែត្រ ទទឹង ៥ម៉ែត្រ នេះ ដែលគម្រោងនេះមានឈ្មោះថាគម្រោងគូសាណូណិ ដែលជាអំណោយរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយ: ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ ដែលបានបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ ២០២៥ និងចំណាយថវិកាសរុប ១៨៥.៥៥៣ដុល្លាសហរដ្ឋអាមេរិក។

លោក ឃីម សុខឃាង ក៏បានមានប្រសាសន៍លើកឡើងដែរថា ស្ពាននេះបានបម្រើឱ្យផលប្រយោជន៍ប្រជាជន នៅក្នុងភូមិអន្សរក្រហាយ និងភូមិសិរីសុខា ឃុំឈូក ស្រុកប្រាសាទសំបូរចំនួន ៦៩គ្រួសារ ស្មើនឹង៣៤១ នាក់ ស្រី ១៨៣នាក់ ក្នុងការធ្វើដំណើរប្រកបមុខរបរប្រចាំថ្ងៃ ដែលរដូវវស្សារត្រូវឆ្លងទូក ហើយទឹកហូរខ្លាំង ។

លោកអភិបាលស្រុក បានបន្ថែមទៀតថា ពេលដែលទទួលបានស្ពានប្រជាពលរដ្ឋ មានចិត្តសប្បាយរីករាយជាពន់ពេក ព្រោះធ្វើឱ្យងាយស្រួលក្នុងការ ទៅទទួលសេវាសុខភាព ដឹកជញ្ជូនបន្លែ កសិផល និងជាពិសេសគឺសម្រាប់កុមារទៅសាលារៀនផងដែរ៕

ដោយ៖ សំនៀង

To Top