ព័ត៌មានជាតិ

សម្តេចធិបតី ប្រាប់រ៉យទ័រថា ថៃកំពុងកាន់កាប់ទឹកដីកម្ពុជា បន្ទាប់ពីបទឈប់បាញ់ ដែលសម្របសម្រួលដោយលោក ដូណាល់ ត្រាំ‎

បរទេស ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទីភ្នាក់ងាររ៉យទ័រថា កងកម្លាំងថៃ កំពុងកាន់កាប់ទឹកដីកម្ពុជា ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ បានចូលជាធរមានកាលពីចុងឆ្នាំ២០២៥ ក្រោមការសម្របសម្រួលដោយ លោក ដូណាល់ ត្រាំប្រធានាធិបតីអាមេរិក ។

‎យោងតាមទីភ្នាក់ងារ រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពបង្កើតឡើងដោយលោកដូណាល់ ត្រាំ ក្នុងសប្តាហ៍នេះ ដោយសម្តេចធិបតី បង្ហាញក្តីសង្ឃឹមថា ស្ថាប័នថ្មីនេះ អាចដើរតួនាទីក្នុងការបន្ធូរបន្ថយ ស្ថានការណ៍ នៅតាមព្រំដែនកម្ពុជា-ថៃ ដែលសម្តេចបានពិពណ៌នាថា ជាការ “ផុយស្រួយ” ទោះបីជាមានបទឈប់បាញ់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបញ្ចប់ការប្រយុទ្ធគ្នាឡើងវិញក៏ដោយ ។ ក្រុមប្រឹក្សានេះ ត្រូវបានបង្កើតឡើង ដើម្បីត្រួតពិនិត្យផែនការ សន្តិភាពហ្គាហ្សា ប៉ុន្តែលោក ត្រាំ បាននិយាយថា ខ្លួនអាចដើរតួនាទីកាន់តែទូលំទូលាយ។
‎‎បើតាមទីភ្នាក់ងាររ៉យទ័រ គឺថា ប្រទេសថៃ បាននិយាយថា ខ្លួនកំពុងរក្សាទីតាំងកងទ័ព ជាផ្នែកមួយ នៃវិធានការកាត់បន្ថយភាពតានតឹង ហើយបានបដិសេធថា ខ្លួនមិនបានកាន់កាប់ទឹកដីនោះទេ។
ទីភ្នាក់ងារ រ៉យទ័បានស្រង់ប្រសាសន៍ របស់សម្តេចធិបតីថា សម្តេចបានអំពាវនាវឱ្យប្រទេសថៃ អនុញ្ញាតឱ្យគណៈកម្មការព្រំដែនរួម រវាងប្រទេសទាំងពីរ ចាប់ផ្តើមធ្វើការលើព្រំដែនដែលមានជម្លោះ ។

‎‎នៅក្នុងបទសម្ភាសន៍ជាលើកដំបូង ជាមួយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសាទរចំពោះទំនាក់ទំនង ដ៏កក់ក្តៅជាមួយ ទីក្រុងវ៉ាស៊ីនតោន ហើយបាននិយាយថា រាជរដ្ឋាភិបាលរបស់សម្តេច កំពុងធ្វើការដើម្បីដោះស្រាយមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិត ដែលបានរីករាលដាលនៅក្នុងប្រទេស៕

To Top