ព័ត៌មានជាតិ

លោក ប៉ែន បូណា ៖ តម្លៃសន្តិភាពកម្ពុជា នឹងត្រូវបានពង្រឹង តាមរយៈវត្តមានសម្តេចធិបតី ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព

ភ្នំពេញ ៖ ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា វត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព ដែលដឹកនាំដោយប្រធានាធិបតីអាមេរិក នឹងធ្វើឱ្យគុណតម្លៃសន្តិភាពរបស់កម្ពុជា ត្រូវបានពង្រឹង និងពង្រីកថែមទៀត នៅលើឆាកអន្តរជាតិ ។

ក្នុងសេចក្តីសង្ខេប ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់ កំពុងត្រៀមអញ្ជើញចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅឯវិទ្យាស្ថានសន្តិភាព សហរដ្ឋអាមេរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន តបតាមការអញ្ជើញ របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ជេត្រាំ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ។

លោកថា “វត្តមានរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅឯកិច្ចប្រជុំក្រុមប្រឹក្សា សន្តិភាពពេលនេះ នឹងធ្វើឱ្យគុណតម្លៃសន្តិភាពរបស់កម្ពុជាត្រូវបានពង្រឹង និងពង្រីកថែមទៀតនៅលើឆាកអន្តរជាតិ។ ពិភពលោកនឹងសម្លឹងមើលកម្ពុជា កាន់តែស៊ីជម្រៅថា ជាប្រទេសដែលមានឆន្ទៈស្រឡាញ់ និងការពារសន្តិភាព យ៉ាងពិតប្រាកដ ។ បន្ថែមពីលើនេះកម្ពុជាក៏ជាប្រទេសដែលការពារច្បាប់អន្តរជាតិយ៉ាងសកម្ម តាមរយៈការបើកចំហយ៉ាងទូលំទូលាយក្នុងដំណោះស្រាយបញ្ហាព្រំដែនដោយគោរពយ៉ាងម៉ឺងម៉ាត់ និងស្មោះត្រង់នូវអនុសញ្ញា សន្ធិសញ្ញា គោលការណ៍ និងច្បាប់អន្តរជាតិ” ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលអះអាងថា ជាក់ស្តែង លិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំងកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីសុំឱ្យបារាំងពិចារណា ផ្តល់ការប្រឹក្សាយោបល់ និង សម្របសម្រួលដល់ការប្រគល់និងទទួលឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធបញ្ហា ព្រំដែនកម្ពុជា-ថៃ សបញ្ជាក់យ៉ាងច្បាស់ពីការគោរព និងផ្តល់តម្លៃដល់ច្បាប់អន្តរជាតិ និងការចង់បានដំណោះស្រាយ ដោយសន្តិវិធីរបស់កម្ពុជា។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ កម្ពុជានៅតែបន្ត អនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលមានស្រាប់ ។ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការ ពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការ ព្រំដែនឥណ្ឌូចិន-សៀម ៕

To Top