ព័ត៌មានជាតិ

សភាត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះរៀប ចំព្រឹត្តិការណ៍អន្តរជាតិធំៗ ដើម្បីពង្រឹងឥទ្ធិពល “ការទូតសភា” លើឆាកអន្តរជាតិ

ភ្នំពេញ ៖ ថ្នាក់ដឹកនាំអគ្គលេខាធិការ ដ្ឋានរដ្ឋសភា បានបើកកិច្ចប្រជុំនៅព្រឹកថ្ងៃ១៨ កុម្ភៈ ដើម្បីត្រៀមរៀបចំការងារ បច្ចេកទេស និងខ្លឹមសារ ក្នុងគោលដៅបម្រើសេវាកម្ម ជូនថ្នាក់ដឹកនាំ និងតំណាងរាស្ត្រត្រៀមចូលរួមមហា សន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ នៅប្រទេសហ្វីលីពីន ក៏ដូចជាការត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍ អន្តរជាតិសំខាន់ៗជាច្រើនទៀត ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៦នេះ។

យោងតាមប្រតិទិនការងាររបស់អន្តរសភាអាស៊ាន (AIPA) សភាកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចនូវ “ទស្សនទានគន្លឹះ” ដើម្បីធ្វើវិភាគទានដល់ការសម្រេចបាន នូវសុខដុមនីយកម្ម និងការរីកចម្រើនក្នុងគ្រួសារអាស៊ាន ដោយផ្ដោតលើការទាញយកផល ប្រយោជន៍ជាអតិបរមាពីយន្តការការទូតសភា ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជនជាចម្បង។ បន្ថែមលើនេះ ក្នុងឆ្នាំ២០២៦ កម្ពុជានឹងបំពេញតួនាទីជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ការទូតកម្រិតខ្ពស់ជាបន្តបន្ទាប់ រួមមានសិក្ខាសាលាថ្នាក់ជាតិស្ដីពីអាកាសធាតុ ក្រោមការគាំទ្រពីលេខាធិការដ្ឋានអាស៊ាន និងអង្គការ Tara Climate ដើម្បីជំរុញដំណោះស្រាយលើបញ្ហាបរិស្ថានសកល។

ទន្ទឹមនឹងនេះ កម្ពុជានឹងរៀបចំកិច្ចប្រជុំស្ដីពីក្របខណ្ឌអាហារូបត្ថម្ភ ដែលជាយន្តការតំបន់ដ៏សំខាន់ក្នុងការ ឆ្លើយតបទៅនឹងបញ្ហាសន្តិសុខស្បៀង និងសុខុមាលភាព រួមទាំងការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទ ប្រធានសភានៃអន្តរសភា (ISC) ដែលជាវេទិកាកម្រិតសកលសម្រាប់ថ្នាក់ដឹកនាំសភាជុំវិញពិភពលោក ក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈមសកល និងការពង្រឹងសន្តិភាព។
ជាមួយគ្នានេះ វេទិកាសភាអាស៊ីប៉ាស៊ីហ្វិកស្ដីពីសុខភាពពិភពលោក ក៏នឹងត្រូវរៀបចំឡើងក្នុងគោលបំណងកសាងឆន្ទៈនយោបាយ និងពង្រឹងសមត្ថភាពសមាជិកសភាក្នុងវិស័យសុខាភិបាលផងដែរ។
ស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា ស្ថិតក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា បាននិងកំពុងបង្ហាញនូវសមត្ថភាពដឹកនាំដ៏លេចធ្លោក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈការប្រកាន់ខ្ជាប់នូវយន្តការច្បាប់ អន្តរជាតិ និងការចែករំលែកឧត្តមានុវត្តន៍ កម្ពុជាបានបញ្ជាក់ ពីចេតនាពិតប្រាកដក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងលទ្ធិប្រជាធិបតេយ្យ។

គួរបញ្ជាក់ថា កម្ពុជាបានចូលជាសមាជិកពេញសិទ្ធិនៃអាយប៉ា (AIPA) តាំងពីឆ្នាំ១៩៩៩ និងធ្លាប់បានធ្វើជាម្ចាស់ផ្ទះមហាសន្និបាតចំនួន ៣លើករួចមកហើយ។ សម្រាប់ប្រតិទិនការងារឆ្នាំ២០២៦នេះ សភាកម្ពុជាបានត្រៀមលក្ខណៈក្នុងកម្មវិធីសរុបចំនួន ៣២ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ ឱ្យសម្រេចបាននូវលទ្ធផលជាផ្លែផ្កាជូនជាតិមាតុភូមិ៕

To Top