ព័ត៌មានជាតិ

ក្រសួងអប់រំ រៀបចំផែនការស្តារសាលារៀនឡើងវិញ បែងចែកជាតំបន់ ដែលនៅមានការហ៊ុមព័ទ្ធដោយយោធាថៃ ជាតំបន់ក្រហម

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំផែនការស្តារសាលារៀនឡើងវិញ ដោយបែងចែកជាតំបន់ ដែលនៅមានការហ៊ុមព័ទ្ធ ដោយយោធាថៃជាតំបន់ក្រហម និងតំបន់ផ្សេងៗទៀត ដែលអាចចាប់ផ្តើមចូលទៅរៀបចំ និងស្តារឡើងវិញបានជាបណ្តើរៗ ដើម្បីធានាបានថា ការអប់រំនៅតែបន្ត។

នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី «ការរៀបចំសាលារៀន នៅជំរំក្នុងខេត្តបន្ទាយមានជ័យ» ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

មុនឈានចូលដល់កិច្ចប្រជុំដើម្បីពិនិត្យនិងសម្រេចលើផែនការរៀបចំសាលារៀនក្នុងជំរំខេត្តបន្ទាយមានជ័យនាពេលនេះ ក្រុមការងារជំនាញក្រោមឱវាទក្រសួងបានចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្ដែងនិងជួបសម្ភាសន៍ជាមួយគណៈគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ និងអ្នកពាក់ព័ន្ធតាមរយៈកម្រងសំណួរសម្ភាសន៍ ថតផ្តិតយករូបភាពសំខាន់ៗ និងរៀបចំរបាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា។

កិច្ចប្រជុំបានពិនិត្យពិភាក្សាលម្អិតលើរបាយការណ៍នៃការខូចខាតក្រោយសង្គ្រាមជាមួយយោធាថៃនិងតម្រូវការជាក់ស្តែងដើម្បីរៀបចំសាលារៀននៅជំរំ និងបានពិភាក្សាផ្លាស់ប្តូរយោបល់ប្រមូលធាតុចូលដើម្បីកែលម្អលើគម្រោងផែនការសាងសង់សាលារៀនបណ្ដោះអាសន្ននៅក្នុងជំរំក្នុងខេត្តបន្ទាយមានជ័យ និងការសាងសង់កន្លែង ប្រើប្រាស់បណ្ដោះអាសន្ន ដើម្បីសម្រួលដល់ដំណើរការរៀន និងបង្រៀនអំឡុង ពេលសាងសង់អគារសិក្សាស្តង់ដារឹងមាំ។

បន្ទាប់ពីបទបង្ហាញស្តីពីការរៀបចំសាលារៀននៅជំរំខេត្តបន្ទាយមានជ័យនិងកិច្ចពិភាក្សារួចមក លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំខាន់ៗ ដូចខាងក្រោម៖

-រៀបចំបង្កើតគណៈកម្មាធិការក្រុមការងារ ចំពោះកិច្ចដើម្បីជំរុញការងារនេះដោយរក្សា រចនាសម្ព័ន្ធសាលារៀនគោលដៅនៅដដែល
-ត្រូវបន្តយកចិត្តទុកដាក់លើកទឹកចិត្តនាយកនាយិកាសាលានិងលោកគ្រូអ្នកគ្រូនៅតំបន់ដែលរងផលប៉ះពាល់ដោយគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការបន្តតាមដានសភាពការណ៍បច្ចុប្បន្នភាពនៅតំបន់ព្រំដែននិងបន្តពង្រឹងកិច្ចសហការគ្នាឱ្យបានល្អប្រសើរ
-ពាក់ព័ន្ធនឹងការផ្លាស់ប្តូរទីតាំងនៃការសាងសង់សាលារៀនសូមក្រុមការងារជំនាញសិក្សាឱ្យបានច្បាស់លាស់ពីចំនួនសិស្សនិងទំហំនៃការវិនិយោគឱ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផល -ត្រូវចុះពិនិត្យផ្ទាល់ដល់ទីតាំងថ្មី ដោយសហការ ឱ្យបានល្អជាមួយមន្ទីរអប់រំ យុវជន កីឡាខេត្ត អាជ្ញាធរដែនដី ដៃគូអភិវឌ្ឍន៍ និងម្ចាស់ជំនួយនានា ដែលបានចូលរួមចំណែក ក្នុងគម្រោងជួសជុលនិងសាងសង់សាលារៀនដែលខូចខាតឡើងវិញ។

ឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន នៅតាមតំបន់ព្រំដែន ជាមួយប្រទេសថៃ ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំផែនការ ស្តារសាលារៀន ឡើងវិញដោយបែងចែកជាតំបន់ដែលនៅមាន ការហ៊ុមព័ទ្ធដោយយោធាថៃជាតំបន់ក្រហម និងតំបន់ផ្សេងៗទៀត ដែលអាចចាប់ផ្តើមចូល ទៅរៀបចំនិងស្តារឡើងវិញបានជាបណ្តើរៗ ដើម្បីធានាបានថា ការអប់រំនៅតែបន្ត ជាពិសេសក្រសួងមានបំណង យកឱកាសនេះដែរដើម្បីអភិវឌ្ឍសាលារៀន នៅតាមតំបន់ព្រំដែនឱ្យរឹងមាំនិងល្អប្រសើរ សម្រាប់ប្រើប្រាស់យូរអង្វែង ស្របតាមផែនការយុទ្ធសាស្ត្រអាទិភាព របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០៕

To Top