ក្រសួងមហាផ្ទៃ ៖ មានពលរដ្ឋភៀសសឹក ៣.២៧៨នាក់បន្ថែមទៀត បន្តវិលត្រឡប់ទៅលំនៅឋានវិញ
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹកចំនួន ៣.២៧៨នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីរម៉ោង៦ព្រឹក ថ្ងៃទី១៧ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូល ជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីទាំងសងខាងពុំបានផ្ទុះអាវុធដាក់គ្នានោះឡើយ។ ក៏ប៉ុន្តែ កម្ពុជា បានតាមដាន និងកត់ត្រាទុកនូវសកម្មភាពមិនស្មោះត្រង់ជាបន្តបន្ទាប់របស់ភាគីថៃ។
ក្រសួង បន្ដថា ជាក់ស្តែង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ពីសហរដ្ឋអាម៉េរិកថា សកម្មភាពមិនស្មោះត្រង់របស់យោធាថៃ ផ្ទុយពីខ្លឹមសារនៃសេចក្តីប្រកាសរួម កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសការដាក់ពង្រាយទូកុងតឺន័រ និងលួសបន្លាកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ជាច្រើនកន្លែង ហួសពីខ្សែបន្ទាត់ព្រំដែន ដែលថែខ្លួនឯងធ្លាប់ទទួលស្គាល់ជាយូរមកហើយថាជាអធិបតេយ្យភាពរបស់កម្ពុជា។
ក្រសួង គូសបញ្ជាក់ថា «មានពលរដ្ឋភៀសសឹក៣.២៧៨នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជិត៥សែន៨ម៉ឺននាក់ ឬជិត ៨៩% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន៧១.៩៣៥នាក់ទៀត (ស្ត្រី៣៧.៨៩៥នាក់ និង កុមារ២៥.១៣៦នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ»៕
