ព័ត៌មានជាតិ

ចំពោះភាពមិនច្បាស់លាស់នៃការងារនៅថៃ អ្នកនាំ​ពាក្យ​ក្រសួងការងារ ប្រាប់ទៅពលករខ្មែរថា កម្ពុជា​មានឱកាសការងារសម្បូរបែប អត្ថប្រយោជន៍​ច្រើនជាង និងមានយន្តការគាំពារ ដើម្បីផ្តល់​ការងារគ្រប់គ្រាន់

ភ្នំពេញ៖ ឆ្លើយតបនឹងភាពមិន​ច្បាស់លាស់នៃ​នយោ​បាយរបស់រាជរដ្ឋាភិបាលថៃអាណត្តិថ្មី ដែល​មិន​ទាន់មានការសម្រេចបែបណា​ចំពោះ​ពលករ​ខ្មែរ​កំពុងធ្វើការនៅប្រទេសថៃ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុន មេសា បានលើកឡើងថា នៅកម្ពុជាមានឱកាស​ការងារដ៏សម្បូរបែប មានទាំងអត្ថប្រយោជន៍​ច្រើនជាង និងយន្តការគាំ​ពារសម្រាប់​ពលករ​គ្រប់​គ្រាន់ ដើម្បីជួយស្វែងរកការងារដល់ពលករខ្មែរ នៅដែលពលករត្រឡប់មកប្រទេសកំណើតវិញ។

ឆ្លើយតបនឹងសំណួរអ្នកសារព័តមាននៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ស៊ុន មេសា បានគូស​បញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាល​ថៃនៅមិន​ទាន់មាន​ភាព​ច្បាស់លាស់នៅឡើយចំពោះ​បងប្អូនពលករ​ខ្មែរ​ដែលកំពុងធ្វើការនៅប្រទេសថៃ ដែលធ្វើឱ្យបងប្អូនមួយចំនួនមានការព្រួយបារម្ភពីសុវត្ថិភាពការងារ ខណៈដែលភាគី​កម្ពុជាមិនទាន់​ទទួល​បាន​ការជូនដំណឹងផ្លូវការ​ណាមួយពីភាគី​ថៃនៅឡើយ។

លោកថា៖«យើងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះភាពមិនច្បាស់លាស់នេះ… ខ្ញុំក៏សូម​បញ្ជាក់​ថា នៅកម្ពុជាមាន​ការងាររាប់ម៉ឺន​កន្លែងដែលអាច​ផ្តល់​ប្រាក់ចំណូលសមរម្យជូនបងប្អូនពលករ ក្នុងករណីដែលពួកគាត់ចង់រកការងារនៅក្នុងស្រុក។ នៅស្រុកយើង មានអត្ថប្រយោជន៍ជាច្រើនពី ប.ស.ស. យើង​មានច្រើនជាង និងសម្បូរបែប ដែលអាចជួយ​បានទាំងគ្រួសារពួក​គាត់តាមរយៈ​របប​ភាគទានស្ម័គ្រចិត្ត។ បន្ថែមពីនេះ បើទោះបីមិនមានជំនាញក៏យើងមានរៀបចំវគ្គបណ្តុះបណ្តាលវគ្គខ្លីៗ ហើយអាចទទួល​បានថវិកាចាប់​តាំងពី​ថ្ងៃចូលរៀនដំបូង។ ដូចនេះមិនមាន​អ្វីគួរឱ្យ​បារម្ភឡើយ»។

អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ពីយន្ត​ការនៃការ​ផ្តល់​ការងារធ្វើជូនអតីតពលករសំខាន់ៗរួមមាន ការបើកវគ្គបណ្តុះបណ្តាលត្រៀមចូលទីផ្សារការងាររបស់អតីតពលករដែលផ្តល់ថវិកា និងការស្នាក់​នៅ​ក្នុង​អំឡុងពេលសិក្សាដោយឥតគិតថ្លៃ ការបន្ត​យុទ្ធ​នាការវេទិកាការងារនៅតាមបណ្តាខេត្តសំខាន់ៗទាំង១៤នៅដើមឆ្នាំ២០២៦នេះ និងយន្តការផ្តល់ឱកាស​ការងារតាម​រយៈយន្តការប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ជាដើម។

លោកបន្តថា បុគ្គលិក និងកម្មករនិយោជិតដែល​កំពុង​ធ្វើការ​ងារនៅក្នុងប្រទេសកម្ពុជា មានឱកាស​ទទួល​បានប្រាក់ខែខ្ពស់ប្រហាក់​ប្រហែលនៅ​ប្រទេស​ថៃដែរ ថែមទាំងមានសេវាថែទាំសុខភាព តាមរយៈ​បេ​ឡា​ជាតិសន្ដិសុខសង្គម(ប.ស.ស.), ធានារ៉ាប់រង​គ្រោះ​ថ្នាក់​ការងារ និងមានប្រាក់សោធន ខណៈ​ដែលនៅប្រទេសថៃ មិនមាន​សេវាទាំង​អស់​នេះ​សម្រាប់​ជួយគាំពារ​ដល់ពលករខ្មែរដែល​មិនមានឯកសារគ្រប់គ្រាន់នោះទេ។

បន្ថែមលើនេះ លោកថា បងប្អូនប្រជាពលករខ្មែរ​ដែល​មកធ្វើការងារនៅជិតផ្ទះ មានឱកាស​ជួបជុំក្រុម​គ្រួសារ មានពេលវេលាមើលថែឱពុកម្ដាយ និងកូនចៅដោយមិនមានការព្រួយបារម្ភពីសុវត្ថិភាពជាង។

គិតត្រឹមខែមករា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋខ្មែរ និង​អតីតពលករប្រមាណជាង ៩៦ម៉ឺននាក់ ក្នុង​នោះ​មានអតីតពលករប្រមាណ ៦៣ម៉ឺននាក់​បានត្រឡប់មកកម្ពុជា ក្រោយកម្ពុជា និងថៃ​មាន​ជម្លោះ​តាមព្រំដែន។ ក្នុងនោះយន្តការក្រសួង បាន​ជួយបងប្អូនពលករទទួលបានការងារធ្វើសរុបចំនួនជាង ៣១ម៉ឺន តាមរយៈប្រព័ន្ធទូរសព្ទ ១២៩៧, វេទិកាការងារ, ការផ្សព្វផ្សាយព័ត៌មានឱកាសការងារ និងតាមរយៈរោងចក្រផ្ទាល់។ ទន្ទឹមនេះ អតីតពលករចំនួន ៣២ម៉ឺននាក់ផ្សេង​ទៀតបាន​ចាប់យកជីវភាពកសិកម្មបែបគ្រួសារ ការងារក្នុង​កសិ​ដ្ឋាន ការដ្ឋានសំណង់ សិប្បកម្ម ភោជនីយដ្ឋាន និងសកម្ម​ភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ជាមួយគ្នានេះ ដើម្បីបន្តជួយផ្តល់ឱកាស​ការងារជូន​អតីតពលករ ក្រសួងការងារនៅឆ្នាំ២០២៦នេះ បានរៀបចំយន្តការសំខាន់ៗចំនួន២ គឺការផ្តល់​ការបណ្តុះបណ្តាលដែលមានការឧបត្ថមនិងឱកាសការងារ១០០% និងការបន្តរៀបចំវេទិការការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាល​វិជ្ជាជីវៈចំនួន​ជាង ៦០លើក បន្ថែមទៀតនៅទូទាំងប្រទេស ជាពិសេស​នៅតាមបណ្ដាខេ​ត្តដែលមាន​អតីតពល​ករខ្មែរ​រស់នៅច្រើនជាងគេ។

លោក ស៊ុន មេសា បញ្ជាក់ថា៖«បច្ចុប្បន្ន​ក្នុងនាម​ក្រសួ​ងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺយើង​ខិតប្រឹងប្រែងក្នុងការផ្សព្វផ្សាយពីឱកាសការងារស្ទើតែគ្រប់មធ្យោយបាយនៅតាមមូលដ្ឋាន ដើម្បី​នាំយក​ឱកាសការងារជូនបងប្អូនយើងដែលប្រឡប់មកពីប្រទេសថៃ។ សម្រាប់បងប្អូនពលករខ្មែរយើងមួយចំនួន នៅមិនទាន់បានទទួលព័ត៌មានពីឱការងារដ៏សម្បូរបែបនៅក្នុងប្រទេសយើង សូមចូលក្នុងវេទិកា ឬទាក់ទងមកប្រព័ន្ធ Hotline ១២៩៧ ដែលកំពុងរង់ចាំបម្រើសេវា៧ថ្ងៃក្នុងមួយសប្តាហ៍»។

យ៉ាងណា​ក៏ដោយ ជាមួយនឹងភាពស្រពិច​ស្រពិល​មិន​ច្បាស់​លាស់នៃទីផ្សាការងារនៅថៃ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈបានអះអាង ការវិលត្រឡប់​របស់បង​ប្អូនពលករខ្មែរដែលនៅប្រទេសថៃ គឺជាឱកាសមាស ដើម្បីបំពេញតម្រូវការកម្លាំងពលកម្មតាមរោងចក្រ សហគ្រាសរាប់ម៉ឺននាក់ផង និងការជួយ​បំប៉ន​កំណើន​​សេដ្ឋកិច្ចក្នុងស្រុកផង ដោយក្រសួងរៀបចំ​យន្តការសំខាន់ៗសម្រាប់គាំពារពលករខ្មែរ៕

To Top