ព័ត៌មានជាតិ

យុវទូតនិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បញ្ចប់គម្រោងសិក្ខាសលា «ជំនាញខ្ញុំ៖ ខ្ញុំជាអ្នកណា (Meet Me, Meet My Major: Who Am I?» នៅខេត្តកំពង់ចាម និងក្រចេះ ប្រកបដោយជោគជ័យ

ក្រុមយុវទូតនិសិ្សតនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បានបញ្ចប់គម្រោងសិក្ខាសាលា «ជំនាញខ្ញុំ៖ ខ្ញុំជាអ្នកណា (Meet Me, Meet My Major: Who Am I?)» យ៉ាងជោគជ័យកាលពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈឆ្នាំ២០២៦cកន្លងទៅនេះ។

សិក្ខាសាលា «ជំនាញខ្ញុំ៖ ខ្ញុំជាអ្នកណា (Meet Me, Meet My Major: Who Am I?)» នេះ ជាគម្រោងលើកទី៣ ហើយដែលក្រុមយុវទូតនិសិ្សតបានធ្វើឡើង។

សិក្ខាសាលា«ជំនាញខ្ញុំ៖ ខ្ញុំជាអ្នកណា (Meet Me, Meet My Major: Who Am I?)» ត្រូវបាន ធ្វើឡើងក្នុងគោលបំណង ចែករំលែកចំណេះដឹងអំពីការត្រៀមខ្លួនសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក៏ដូចជាការសម្រេចចិត្តជ្រើសរើសមុខជំនាញបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឱ្យបានត្រឹមត្រូវ។ គម្រោងនេះ បានបញ្ចប់ដោយជោគជ័យនៅវិទ្យាល័យចំនួន ៤ ក្នុងខេត្តកំពង់ចាម និងក្រចេះ។

គួរបញ្ជាក់ថា សិក្ខាសាលា «ជំនាញខ្ញុំ៖ ខ្ញុំជាអ្នកណា» គឺជាគម្រោងទី៣ នៃសិក្ខាសាលា «ជំនាញខ្ញុំ (Meet Me, Meet My Major)» ដែលធ្លាប់បានប្រព្រឹត្តទៅដោយជោគជ័យក្នុងរយៈពេល ២ឆ្នាំកន្លងមក ក្នុងខេត្តកំពង់ស្ពឺ និងកំពតកាលពីឆ្នាំ ២០២៣ ព្រមទាំងខេត្តសៀមរាបក្នុងឆ្នាំ ២០២៤។

ដោយឃើញពីសក្តានុពល និងគុណប្រយោជន៍នៃសិក្ខាសាលានេះ ក្រុមយុវទូតនិសិ្សតនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ឆ្នាំ ២០២៥ ក៏បានសម្រេចបន្តពង្រីកគម្រោងនេះទៅកាន់ខេត្តចំនួន ២ បន្ថែមទៀត រួមមានខេត្តកំពង់ចាម និងខេត្តក្រចេះ។

ក្នុងនោះ ក្រុមការងារបានចុះផ្ទាល់ទៅកាន់វិទ្យាល័យព្រះសីហនុ វិទ្យាល័យ ហ៊ុន សែន កំពង់ចាម (សាលាជំនាន់ថ្មី) វិទ្យាល័យ ព្រះមហាក្សត្រិយានីកុសុមៈ និង វិទ្យាល័យ ហ៊ុនសែន ក្រចេះក្រុង។

អំឡុងពេលសិក្ខាសាលានេះ សិស្សានុសិស្សទទួលបាននូវព័ត៌មាន និងការការណែនាំស៊ីជម្រៅលើមុខជំនាញសំខាន់ចំនួន ១២ ពីសំណាក់យុវទូតនិស្សិតចំនួន ១៤ នាក់ រួមជាមួយវាគ្មិនកិត្តិយសមួយចំនួនទៀត។ លើសពីនេះ ក្រុមការងារក៏បានចែកជូនខិត្តប័ណ្ណព័ត៌មានដែលរៀបរាប់យ៉ាងលម្អិតអំពីមុខជំនាញនានា ដើម្បីជាជំនួយស្មារតីដល់សិស្សានុសិស្ស។

អ្វីដែលជាលក្ខណៈពិសេសថ្មីសម្រាប់ឆ្នាំនេះ គឺជាការដាក់បញ្ចូលនូវតេស្តក្នុងការវាយតម្លៃលក្ខណៈ បុគ្គល Myers-Briggs Type Indicator (MBTI) ដើម្បីជួយឱ្យសិស្សានុសិស្សស្វែងយល់ពីអត្តចរិតធម្មជាតិ ចំណុចខ្លាំង និងចំណុចខ្សោយរបស់ពួកគេម្នាក់ៗ ដែលជាគន្លឹះដ៏សំខាន់ក្នុងការជ្រើសរើសមុខជំនាញឱ្យបានសមស្របទៅនឹងបុគ្គលិកលក្ខណៈរៀងៗខ្លួន។

ទន្ទឹមនឹងនេះ ក្រុមយុវទូតនិស្សិត និងវាគ្មិនកិត្តិយសក៏បានចែករំលែកនូវបទពិសោធន៍ជាក់ស្តែងពីជីវិតជានិស្សិតសាកលវិទ្យាល័យ គន្លឹះជោគជ័យក្នុងការសិក្សា ក៏ដូចជាការណែនាំអំពីឱកាសទទួលបានអាហារូបករណ៍នានាផងដែរ។

សិក្ខាសាលានេះ អាចប្រព្រឹត្តទៅបានយ៉ាងរលូត ដោយមានការចូលរួម និងការគាំទ្រពីសំណាក់ដៃគូឧបត្ថម្ភផ្សេងៗ ដែលរួមមានសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ជាអ្នកឧបត្ថម្ភធំ ខណៈមានការសហការឧបត្ថម្ភដោយសាលាអន្តរជាតិ Step Forward។ លើសពីនេះ Indomie Cambodia ក៏ដើរតួយ៉ាងសំខាន់ក្នុងនាមជាអ្នកឧបត្ថម្ភមួយផងដែរ។

សិក្ខាសាលា «ជំនាញខ្ញុំ៖ ខ្ញុំជាអ្នកណា (Meet Me, Meet My Major: Who Am I?)» ត្រូវបានបញ្ចប់ដោយទទួលបាននូវភាពជោគជ័យ និងទទួលបានមតិវិជ្ជមានជាច្រើនពីសំណាក់អ្នកចូលរួម។ តាមរយៈសិក្ខាសាលានេះ ក្រុមយុវទូតនិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សង្ឃឹមយ៉ាងថាវានឹងអាចចូលរួមជាចំណែកក្នុងការជួយដល់ប្អូនៗសិស្សានុសិស្ស ក្នុងការជ្រើសរើសអាជីពរបស់ពួកគេនាពេលអនាគតប្រកបដោយទំនុកចិត្ត។

To Top