ព័ត៌មានជាតិ

លោក កែវ រ៉េមី ៖ ការចេញលិខិតបដិសេធ បន្តបន្ទាប់មិនទទួលស្គាល់ ការគ្រប់គ្រងដីខ្មែរ របស់យោធាថៃ មានអត្ថប្រយោជន៍ច្រើន

ភ្នំពេញ ៖ ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានថ្លែងថា កម្ពុជាបានចេញលិខិតបដិសេធ ជាបន្តបន្ទាប់មិនទទួលស្គាល់នូវការគ្រប់គ្រងដីខ្មែរដោយយោធាថៃ ពិតជាមានអត្ថប្រយោជន៍សំខាន់ៗយ៉ាងច្រើន។

ការលើកឡើងរបស់លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី នេះ បន្ទាប់ពីមានការចោទជាសំណួរ តាមបែបចំអកដោយប្រមាថ មកលើការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំខ្មែរខ្លួនឯងដោយនិយាយថា «ការចេញលិខិតបដិសេធ ជាបន្តបន្ទាប់មិនទទួលស្គាល់ ចំពោះការឈ្លានពាន និងគ្រប់គ្រងលើទឹកដីខ្មែរដោយយោធាថៃ, តើវាបានប្រយោជន៍ស្អី? បានដីមកវិញដែរឬទេ? ឥឡូវនេះ ថៃវាកំពុងយកដី»។

ចំពោះករណីនេះ លោក កែវ រ៉េមី បានបកស្រាយថា ការចេញលិខិតបដិសេធតាមផ្លូវច្បាប់ មិនទទួលស្គាល់ នូវការគ្រប់គ្រងរបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជា គឺមានអត្ថប្រយោជន៍សំខាន់ៗជាច្រើន តាមទស្សនៈច្បាប់អន្តរជាតិ និង ការទូតដូចជា ៖ បើកម្ពុជាមិនចេញលិខិតបដិសេធទេ មានន័យថា ការកាន់កាប់លើទឹកដីខ្មែរ ដោយយោធាថៃគឺស្របច្បាប់ យល់ព្រមឲ្យទឹកដីខ្មែរទៅថៃដោយសន្តិវិធី។

លោកបន្តថា ការចេញលិខិតបដិសេធបានបញ្ជាក់តាមផ្លូវច្បាប់ថា ការគ្រប់គ្រងលើទឹកដីកម្ពុជាដោយយោធាថៃ គឺជាការគ្រប់គ្រងខុសច្បាប់ ក្នុងរយ:ពេលមួយបណ្តោះអាសន្នតែប៉ុណ្ណោះ ។ ក្នុងនោះ លិខិតបដិសេធ នឹងក្លាយជាឯកសារផ្លូវការសំខាន់ ដែលបង្ហាញថា កម្ពុជាបានប្រឆាំងជាបន្តបន្ទាប់ មិនដែលទទួលស្គាល់ការឈ្លានពាន របស់ទាហានថៃ ដើម្បីទុកប្រើប្រាស់ជាភស្តុតាងតាមផ្លូវតុលាការអន្តរជាតិ ។ ជាមួយគ្នានេះដែរ ក៏បានបង្ហាញថា កម្ពុជាគោរពច្បាប់អន្តរជាតិ និងដោះស្រាយវិវាទតាមផ្លូវច្បាប់ដោយសន្តិវិធី មិនប្រើកម្លាំងយោធាវាយតបតវិញ។ នេះជាវិធីល្អមួយដែលអាចជួយរកការគាំទ្រ ពីប្រទេសនានា ឬពីសហគមន៍អន្តរជាតិ ។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបន្ថែមថា ក្នុងច្បាប់អន្តរជាតិ ប្រសិនបើមានភាពស្ងៀមស្ងាត់យូរ មិនបដិសេធអាចត្រូវបានគេបកស្រាយថា បានទទួលស្គាល់ដោយសន្តិភាពគ្មានការតវ៉ា។ ដូច្នេះ សរុបសេចក្តីមក រាល់ការចេញលិខិតបដិសេធតាមផ្លូវការរបស់រាជរដ្ឋាភិបាល គឺជាការការពារអធិបតេយ្យភាព រក្សាជំហរតាមផ្លូវច្បាប់ និងបង្កើតភស្តុតាងសម្រាប់ប្រើនៅក្នុងផ្លូវតុលាការ ៕

To Top