ព័ត៌មានជាតិ

អាជ្ញាធរខេត្តប៉ៃលិន បន្តប្រតិបត្តិការណ៍ឆែកឆេរ បង្ក្រាបបទល្មើស និងបិទទីតាំងដែលសង្ស័យមានបទល្មើសបច្ចេកវិទ្យា

ប៉ៃលិន៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមការចង្អុលបង្ហាញពីសំណាក់ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន, គណៈបញ្ជាការឯកភាពខេត្ត បានសហការជាមួយព្រះរាជ្ញារងអមសាលាដំបូងខេត្ត បន្តចុះប្រតិបត្តិការណ៍ឆែកឆេរ បង្ក្រាបបទល្មើស និងបិទទីតាំងដែលសង្ស័យមានបទល្មើសបច្ចេកវិទ្យា (Online Scams) មួយចំនួន នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ការបន្តយុទ្ធនាការចុះបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Online Scams) របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន គឺក្នុងគោលបំណងរឹតបន្តឹងនៃការអនុវត្តរបបសន្តិសុខសង្គម របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តទាំងមូល ស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល ដោយត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារគ្រប់គ្រងសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ ការពិនិត្យការតាំងទីលំនៅរបស់ជនបរទេស និងការទប់ ស្កាត់ បង្ក្រាបសកម្មភាព ជួញ ដូរមនុស្ស និង Online Scams ឱ្យមានប្រសិទ្ធភាពខ្ពស់។

ជាការឆ្លើយតបចំពោះវិធានការចាំបាច់របស់រាជរដ្ឋាភិបាល គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ បានប្តេជ្ញាចិត្តរួមគ្នាយ៉ាងមុតមាំ ក្នុងការទប់ស្កាត់ និងមិនអនុញ្ញាតឱ្យមានបទល្មើស Online Scams ល្បែងហ្គេមអនឡាញ ឬល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងដែនសមត្ថកិច្ចដែលខ្លួនគ្រប់គ្រងឡើយដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ស្របតាមគោល នយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា ក្រោមគោលនយោបាយ និងឆន្ទៈដឹកនាំ ប្រកបដោយភាពម៉ឺងម៉ាត់ច្បាស់លាស់របស់រាជរដ្ឋាភិបាល ដែល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានកំពុងអនុវត្តច្បាប់ លើករណីឆបោកតាម ប្រព័ន្ធអនឡាញ ដោយឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធ បញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោស និងអនុវត្តនីតិវិធីបណ្ដេញចេញទៅប្រទេសកំណើតជាបន្តបន្ទាប់ជាពិសេសបានសហការផ្ដល់ព័ត៌មាន អំពីខ្សែបណ្ដាញមេខ្លោងទៅកាន់ប្រទេសក្នុងតំបន់ និងក្រៅតំបន់ជាច្រើនករណី៕

To Top