រដ្ឋមន្រ្តីសុខាភិបាល ៖ ភារកិច្ចចម្បងរបស់មន្ទីរពេទ្យ គឺការពារអ្នកជំងឺ
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញ ជាអធិបតីបើកសន្និបាត បូកសរុបការងារសុខាភិបាល ឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់មន្ទីរពេទ្យកុមារជាតិ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានលើកឡើងថា ភារកិច្ចចម្បងរបស់មន្ទីរពេទ្យ គឺការពារអ្នកជំងឺ ដោយប្រើប្រាស់គ្រប់មធ្យោបាយ និងធនធាន ។

សាស្រ្តាចារ្យរដ្ឋមន្រ្តីបន្តថា ថ្នាក់ដឹកនាំមន្ទីរពេទ្យទាំងអស់ ត្រូវអនុវត្តដោយប្រសិទ្ធភាព នូវការគ្រប់គ្រងមន្ទីរពេទ្យ ដោយត្រូវកែទំរង់មន្ទីរពេទ្យ ឱ្យបានប្រសើរឡើង ដើម្បីពង្រឹងស្វ័យភាពរបស់មន្ទីរពេទ្យនៅក្នុងការគ្រប់គ្រង ។ ក្នុងនោះគ្រប់ថ្នាក់ដឹកនាំ ត្រូវមានជំនាញដឹកនាំ ក្នុងការគ្រប់គ្រងរបស់ខ្លួន និងត្រូវពិនិត្យគ្រប់លំហូរបស់អ្នកជំងឺ ធ្វើឱ្យរលូន និងតាមដាន ។

ជាមួយគ្នានេះ លោកសាស្រ្ដាចារ្យ ឈាង រ៉ា ក៏បានផ្តាំផ្ញើថា ត្រូវរៀបចំប្រព័ន្ធបែងចែកឱ្យបានច្បាស់លាស់ជាពិសេសផ្នែកសង្រ្គោះបន្ទាន់ និងត្រូវបង្កើតផ្លូវអាទិភាព នៅកន្លែងផ្នែកចាំបាច់មួយចំនួន ។ ចំពោះប្រព័ន្ធឌីជីថលក៏ត្រូវពង្រឹងផងដែរ ដើម្បីឱ្យមានប្រព័ន្ធគ្រប់គ្រងព័ត៌មានច្បាស់លាស់ ទំរង់នៃការណាត់ជួប ក្នុងការពិនិត្យថែទាំព្យាបាល និងTelemedicine ដល់មន្ទីរពេទ្យបង្អែកខេត្ត ស្រុក រហូតដល់មណ្ឌលសុខភាព។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងទៀតថា មន្ទីរពេទ្យទាំងអស់ត្រូវយកចិត្តទុកដាក់ផ្នែកបច្ចេកទេស ការបណ្តុះបណ្តាលទាំងការថែទាំ និងព្យាបាល ជាពិសេសផ្នែកសង្រ្គោះបន្ទាន់ ឱ្យបានលឿន បណ្តុះបណ្តាល និងការចល័តធនធានមនុស្ស ឱ្យបានលឿន និងសម្ភាររិក្ខារពេទ្យ ព្រមទាំងការធ្វើលំហាត់សមយុទ្ធ ដើម្បីត្រៀមលក្ខណៈគ្រប់ពេលវេលា ក្នុងការឆ្លើយតបគ្រោះអាសន្ននានា ជាពិសេសការងារព្រំដែន។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តាំផ្ញើទៀតថា មន្ទីរពេទ្យទាំងអស់ត្រូវផ្តោតសំខាន់ៗលើការដឹកនាំ , ការបណ្តុះបណ្តាល , គុណភាពព្យាបាល និងការជួយសង្រ្គោះ ។ ព្រមទាំងត្រូវតែមានសមធម៌ ដូចជាពាក្យ «មន្ទីរពេទ្យដែលខ្លាំង មានគុណភាព នឹងធ្វើឱ្យសុខភាពប្រជាពលរដ្ឋមានភាពប្រសើរឡើងទាំងថ្ងៃនេះ និងថ្ងៃស្អែក»៕









