ព័ត៌មានជាតិ

វិស័យទាំង ៥ដើមឆ្នាំ២០២៦ មានយុវជនចុះឈ្មោះចូលរៀន ច្រើនជាងគេ ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥លាននាក់របស់សម្ដេចធិបតី

ភ្នំពេញ៖ ដើមឆ្នាំ២០២៦នេះ មានជំនាញលើវិស័យចំនួន ៥ ដែលយុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចាប់អារម្មណ៍ក្នុងការ ដាក់ពាក្យស្នើសុំចុះឈ្មោះចូលរៀនច្រើនជាងគេ ក្នុងកម្មវិធីបណ្ដុះជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យ ចំនួន ១,៥ លាននាក់ (TVET 1.5M) របស់សម្ដេចធិបតី ។

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានឱ្យដឹងនៅថ្ងៃទី១៩ ខែកុម្ភៈ នេះថា វិស័យទាំង ៥នោះរួមមាន វិស័យធុរកិច្ច និងព័ត៌មានវិទ្យា, វិស័យទេសចរណ៍, វិស័យសំណង់, វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម និង វិស័យបរិក្ខារត្រជាក់និងកំដៅ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា វិស័យធុរកិច្ច និងព័ត៌មានវិទ្យា ឈរនៅលំដាប់លេខរៀងទី១ ដែលមានអ្នកស្នើសុំចុះឈ្មោះចូលរៀនចំនួន ៣០,៧២៩នាក់ បន្ទាប់មកវិស័យទេសចរណ៍ មានអ្នកស្នើចុះឈ្មោះចូលរៀន ២៦,១៦០នាក់ វិស័យសំណង់មានអ្នកស្នើចុះឈ្មោះចូលរៀន ២៣,២៨២នាក់ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មមានអ្នកស្នើចុះឈ្មោះចូលរៀន ១៩,២៧៨នាក់ និងវិស័យបរិក្ខារត្រជាក់និងកំដៅ មានអ្នកស្នើរចុះឈ្មោះចូលរៀនចំនួន ១៨,៤៧៩នាក់។

លោកថ្លែងថា៖ «ការពង្រឹងជំនាញគឺជាទុនដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលផ្ដល់ជូន និងជួយសម្រួលដល់អតីតពលករ យុវជនមពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យ ដើម្បីចាប់យកឱកាសការងារ ស្របពេលដែលកម្ពុជា កំពុងប្រែក្លាយកម្លាំងពលកម្ម ពីអតិពលកម្ម ទៅជាកម្លាំងមានជំនាញ ជាក់លាក់ ច្បាស់លាស់ ផលិតភាពខ្ពស់ ដើម្បីបង្កើនប្រាក់ចំណូលកាន់តែខ្ពស់»។

សូមជម្រាបថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១,៥ លាននាក់ (TVET 1.5M) ត្រូវបានផ្តួចផ្តើមឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងប្រកាសដាក់ឱ្យអនុវត្តដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕

To Top