ព័ត៌មានជាតិ

កម្ពុជា-ឥណ្ឌូនេស៊ី បញ្ជាក់ពីសុឆន្ទៈ សហការបោស សម្អាត បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ ៖ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា, លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណ ភាគីឥណ្ឌូនេស៊ី ចំពោះកិច្ចសហការ ដ៏ល្អដើម្បីរួមគ្នាដោះស្រាយបទល្មើសក្នុងទម្រង់ថ្មីៗ ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀន ដែលជាបទល្មើស មានលក្ខណៈស្មុគស្មាញ ឬនឹងពិបាកឆ្លើយតប ប្រសិនបើពុំមានកិច្ច សហការពីគ្រប់តួអង្គពាក់ព័ន្ធ។

ក្នុងជំនួបដែលប្រព្រឹត្តទៅ នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជាថ្មីអំពីឱសានវាទនៃយុទ្ធនាការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលបាននិងកំពុងបោសសម្អាតយ៉ាងជាក់ស្ដែង ដើម្បីធានានូវសន្តិសុខ សុខសុវត្ថិភាពសង្គម សណ្តាប់ធ្នាប់សាធារណៈជូនប្រជាជនកម្ពុជា មនុស្សជាតិលើពិភពលោក រួមទាំងប្រជាជនឥណ្ឌូនេស៊ី។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានស្នើលោកឯកអគ្គរដ្ឋទូត ជួយបន្តផ្សព្វផ្សាយជាវិជ្ជមាន អំពីកម្ពុជា និងជួយជំរុញទេសចរនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត ដោយហេតុថា ប្រទេសទាំងពីរ មានវប្បធម៌ និងទម្លាប់ប្រពៃណីប្រហាក់ប្រហែលគ្នា។

លោក សាន់តូ ដាម៉ូស៊ូម៉ាតូ ក៏បានកោតសរសើរចំពោះយុទ្ធនាការដោះស្រាយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងអះអាងថា ឥណ្ឌូនេស៊ី ត្រៀមខ្លួនជានិច្ច សហការសម្របសម្រួល ជាមួយក្រសួងមហាផ្ទៃ ក្នុងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋឥណ្ឌូនេស៊ីទៅប្រទេសដើមវិញ។ លោក ក៏បានឯកភាព ជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត។

ក្នុងជំនួបនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ស សុខា និង លោកឯកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរយោបល់ លើកិច្ចសហការល្អរវាងប្រទេសទាំងពីរ ក្នុងវិស័យកីឡាផងដែរ ហើយក៏បានបង្ហាញបំណងពង្រឹងវិស័យនេះ ដោយឈរលើស្មារតីសាមគ្គីភាព និងមិត្តភាពល្អរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ី។

ដោយឡែក ភាគីទាំងពីរក៏បានគូសបញ្ជាក់អំពីគោលជំហរចំពោះការដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ ដោយ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានរំលេចឡើងវិញអំពីជំហរកម្ពុជា ប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងសន្តិភាព និងយន្តការដោះស្រាយដោយសន្តិវិធី ដើម្បីធានាបាននូវសុខសន្តិភាពរវាងប្រទេសជិតខាង និងសហសន្តិវិជ្ជមានក្នុងតំបន់អាស៊ាន។

លោក ឯកអគ្គរដ្ឋទូត បានគាំទ្រកម្ពុជា ដែលប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយដោយសន្តិវិធី និងជាពិសេស ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងស្តីពីសន្តិសុខ។ លោក ឯកអគ្គរដ្ឋទូត អះអាងជាថ្មីទៀតថា ឥណ្ឌូនេស៊ី ត្រៀមសហការគ្រប់បែបយ៉ាងជួយគាំទ្រគ្រប់បែបយ៉ាង ដើម្បីនាំមកនូវសុខសន្តិភាពក្នុងតំបន់អាស៊ាន៕

To Top