ព័ត៌មានជាតិ

សម្តេចតេជោ ៖ មរណភាព របស់ប្រធានស្ថាបនា ICAPP ជាការបាត់បង់ ធនធានមនុស្សដ៏ធំធេង

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជាមានប្រសាសន៍ថា មរណភាពរបស់លោក Jose de Venecia Jr .ប្រធានស្ថាបនិក និងជាប្រធានកិត្តិយស នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្ស នយោបាយអាស៊ី (ICAPP) និងជាអតីតប្រធានសភាតំណាងរាស្ត្រ នៃសាធារណរដ្ឋហ្វីលីពីន គឺជាការបាត់បង់ធនធានមនុស្សដ៏ធំធេងសម្រាប់ សហគមន៍ ICAPP ទាំងមូល។

តាមរយៈផ្ញើសាររំលែកទុក្ខជូនលោកស្រី Gina de Venecia ភរិយារបស់លោក Jose de Venecia សម្តេចតេជោ ហ៊ុន សែន បានបង្ហាញសេចក្តីក្រៀមក្រំជាទីបំផុត ចំពោះមរណភាពរបស់លោក Jose de Venecia Jr . ។

សម្តេចតេជោសង្កត់ធ្ងន់ថា កម្ពុជានឹងចងចាំជានិច្ចនូវរាល់កិច្ចគាំទ្រ មិនងាករេ មិត្តភាព គតិបណ្ឌិត និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់ឯកឧត្តម ក្នុងការកសាងស្ពាន រវាងប្រជាជាតិនានា ។ សម្តេចតេជោគូសបញ្ជាក់ថា មរណភាពរបស់លោកគឺជាការបាត់បង់ដ៏ធំធេង មិនត្រឹមតែ ចំពោះក្រុមគ្រួសាររបស់លោកស្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះសហគមន៍ ICAPP ទាំងមូល និងបណ្តាឥស្សរជនដែលធ្លាប់មាន ឱកាសធ្វើការជាមួយ ឯកឧត្តមនាពេលកន្លងមក ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ តំណាងថ្នាក់ដឹកនាំកំពូលនៃកម្ពុជា បានអញ្ជើញទៅដល់រដ្ឋធានីម៉ានីល ដើម្បីចូលរួមក្នុងពិធីបុណ្យសពជាផ្លូវការរបស់ស្ថាបនិកសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ដែលបានទទួលមរណភាពក្នុងជន្មាយុ៨៩ឆ្នាំ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ៕

To Top