ព័ត៌មានជាតិ

ពលរដ្ឋជាង៣០០នាក់ចាក់ទររែងមាស ត្រូវកំហិតអោយចាកចេញពីតំបន់ព្រៃការពារ ខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ អាជ្ញាធរខេត្តមណ្ឌលគិរី បើកយុទ្ធនាការរយៈពេល៣ថ្ងៃជាប់ៗគ្នា ដើម្បីបង្ក្រាបសកម្មភាពរុករករ៉ែអនាធិបតេយ្យ ក្នុងតំបន់ស្នូលនៃ ដែនជម្រកសត្វព្រៃស្រែពក ខណៈមន្ត្រីអះអាងថា សកម្មភាពខុសច្បាប់ទាំងនេះ បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានធម្មជាតិ និងបរិស្ថាន។

យុទ្ធនាការនេះធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិសាស្ត្រឃុំស្រែហ៊ុយ ស្រុកកោះញែក ដោយមានកម្លាំងចម្រុះពីមន្ទីរបរិស្ថាន មន្ទីររ៉ែ និងថាមពល និងអាជ្ញាធរស្រុក ចូលរួមសរុបជាង ៦០នាក់។

ក្នុងដំណាក់កាលទីមួយ មន្ត្រីបានចុះអប់រំ និងផ្សព្វផ្សាយច្បាប់នៅតំបន់ពាមអូទេន ទួលភ្នំលូងឈូង និងអូទេន ហើយប្រទះឃើញប្រជាពលរដ្ឋ ២៧៣នាក់ កំពុងធ្វើសកម្មភាពរ៉ែងមាសខុសច្បាប់។

អាជ្ញាធរបានដាក់ឱសានវាទឲ្យពួកគេចាកចេញពីទីតាំង មុនម៉ោង ៨ព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ។
បន្ទាប់ពីផុតកំណត់ឱសានវាទ កម្លាំងចម្រុះបានចុះអនុវត្តច្បាប់ ដោយរុះរើ និងដុតបំផ្លាញឧបករណ៍រ៉ែងមាសសរុប ៨៩ទរ នៅចំណុចគោលដៅចំនួន ៥កន្លែង។ មន្ត្រីអះអាងថា ប្រជាពលរដ្ឋភាគច្រើនបានស្ម័គ្រចិត្តចាកចេញ សល់តែជាង ២០នាក់ ដែលសុំពន្យារពេលខ្លី ដើម្បីជួសជុលយានយន្ត។

នៅដំណាក់កាលទីបី កម្លាំងបន្តបោសសម្អាតទីតាំងដែលនៅសេសសល់ ដោយដុតបំផ្លាញជំរុំរ៉ែខុសច្បាប់មួយកន្លែង និងដកហូតឧបករណ៍មួយចំនួន។
មន្ត្រីជំនាញពីនាយកដ្ឋានរ៉ែ និងថាមពល ក៏បានចុះពិនិត្យបច្ចេកទេសនៅចំណុចលូងឈូង ដើម្បីវាយតម្លៃផលប៉ះពាល់ពីសកម្មភាពជីករ៉ែអនាធិបតេយ្យ។

អាជ្ញាធរខេត្តបញ្ជាក់ថា នឹងបន្តតាមដាន និងអនុវត្តវិធានការយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការវិលត្រឡប់មកប្រព្រឹត្តបទល្មើសសារជាថ្មី ក្នុងតំបន់ការពារឡើយ៕

អត្ថបទ៖ ចាន់ បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top