ព័ត៌មានជាតិ

បទសម្ភាស នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយកាសែតអន្តរជាតិ គឺជាសារទួងស្គរប្រាប់ពិភពលោក ​ឱ្យជួយធ្វើជាសាក្សី​ ជុំវិញអំពើ​ឈ្លាន​ពាន ​របស់​យោធាថៃ

ភ្នំពេញ៖ តាមរយៈការផ្ដល់បទសម្ភាស​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់សារ​ព័ត៌មាន​អង់​គ្លេសReuter និង Fox News របស់​សហរដ្ឋ​អាមេរិក បានក្លាយជាសារ​យ៉ាងច្បាស់ ​ទៅកាន់​អន្តរ​ជាតិ ឱ្យជួយធ្វើជាសាក្សីជុំវិញអំពើរំលោភបំពាន របស់យោធាថៃមកលើកម្ពុជា និងរំលេច​ពីការប្តេជ្ញា​ចិត្ត​ប្រកាន់​យកដំណោះ​ស្រាយ ដោយ​សន្តិវិធីផ្អែក​លើយន្ត​ការការទូត និងច្បាប់អន្តរជាតិ​សំខាន់ៗ​ ជាមួយថៃ។

រាជរដ្ឋាភិបាលនៅតែបន្តជំរុញយ៉ាងសកម្ម និង​ស៊ី​ជម្រៅថែមទៀត នូវព័ត៌មានការទូតស្ដីពី «អំពើឈ្លានពាន​របស់យោធាថៃ មកលើកម្ពុជា» នៅលើ​ឆាក​អន្តរជាតិ ដើម្បីឱ្យសហគមន៍​អន្តរជាតិ ឈរជាមួយ​សច្ច​ភាព យុត្តិធម៌ និងសន្តិភាព ដែលធ្វើឱ្យកម្ពុជា ត្រូវបានគេទទួលស្គាល់ថា ជាប្រទេស​រង​គ្រោះ​ពីការ​ឈ្លានពានរបស់ប្រទេសថៃ ដោយអយុត្តិធម៌ ។

លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យា​សាស្រ្ត​នយោបាយ និងទំនាក់ទំនងអន្តរជាតិ បាន​លើក​ឡើងថា ការផ្តល់បទ​សម្ភាស​របស់សម្តេចធិបតី ហ៊ុន ម៉ា​ណែត ដល់សារព័ត៌មានអង់គ្លេស Reuter និង Fox News របស់សហរដ្ឋអាមេរិក គឺជាការ​បង្ហាញជំហរការទូតកម្រិតខ្ពស់បំផុតរបស់កម្ពុជា និង​បង្ហាញ​ថា កម្ពុជា គឺជារដ្ឋស្រលាញ់សន្តិភាព និងចង់​បានការដោះស្រាយ​បញ្ហាផ្អែក​លើច្បាប់​អន្តរ​ជាតិ។

លោកបណ្ឌិតបន្តថា ប្រមុខរដ្ឋាភិបាល បានលាត​ត្រដាងដ៏ច្បាស់លាស់បំផុត ពីអំពើឈ្លានពានរបស់យោធាថៃ​មកលើដែនអធិបតេយ្យ បូរណភាព​ទឹកដី​កម្ពុជា ពិសេសការរំលោភ​បំពានក្រោយ​បទឈប់​បាញ់។ ចំណុចមួយ​ចំនួនទៀត ​នៅក្នុងបទ​សម្ភា​សន៍របស់សម្តេចធិបតី គឺជាការ​បង្ហាញពី​សុឆន្ទៈ​របស់​កម្ពុជា ក្នុងការដោះស្រាយ​បញ្ហាព្រំដែន​ដោយសន្តិវិធីឈរលើច្បាប់អន្តរជាតិ ។

លើសពីនេះ លោកបណ្ឌិតបញ្ជាក់​ថា៖ «យើងកំពុង​តស៊ូ​មតិលើវេទិកាអន្តរជាតិដើម្បី​ទទួលបាន​ឋានៈ​ជា​ប្រទេសរងគ្រោះ និងថៃជាប្រទេស​ឈ្លាន​ពាន។ ហេតុអ្វីខ្ញុំនិយាយដូច្នេះ? យើងត្រូវទទួលស្គាល់ថា មកដល់ម៉ោងនេះ មិនទាន់មានប្រទេសណាមួយ​ថ្លែង​ការណ៍​ថ្កោលទោស​ថៃជា​ផ្លូវការថា ថៃ​ឈ្លាន​ពាន​យើងនៅឡើយទេ គេចាត់ទុកថា នោះជា​ជម្លោះ​ព្រំដែន ឬការប៉ះទង្គិចគ្នាដោយ​ប្រដាប់អាវុធ​ប៉ុណ្ណោះ​។ មាគ៌ារបស់​យើងឆ្ពោះ​ទៅការ​ទាមទារទឹក​ដីយើង​ត្រឡប់មកវិញ» ។

លោក ថុង ម៉េងដាវីត អ្នកជំនាញភូមិ​សាស្ត្រន​យោបាយ និងសន្តិសុខអន្តរជាតិបានលើកឡើងថា សហគមន៍​អន្តរជាតិនៅតែ​​បន្តចាត់ទុកការ​ឈ្លាន​ពានពី​សំណាក់យោធាថៃមកលើ​បូរណភាពទឹក​ដីកម្ពុជា គឺជាការប៉ះទង្គិចគ្នាដោយ​ប្រដាប់អាវុធ​តាមព្រំដែន​ប៉ុណ្ណោះ ប៉ុន្ដែមិនទាន់មានប្រទេស​ណា​មួយចេញ​លិខិតថ្កោលទោស​ទង្វើររបស់យោធា​ថៃនោះទេ។

លោកបន្តថា ការផ្ដល់បទសម្ភាសជាមួយសារព័ត៌មានអន្តរជាតិរបស់សម្ដេចធិបតីនៅសហរដ្ឋអាមេរិកនេះ គឺជាការទួងស្គរបន្លឺសំឡេង​អយុត្តិធម៌​បង្ហាញទៅកាន់ពិភពលោកជុំវិញអំពើក្រឡេចក្រឡុចរបស់ថៃដែលតែងតែប្រើប្រាស់កល់ល្បិចអាក្រក់ឈ្លានពានបូរណភាព និងអធិ​បតេយ្យទឹ​កដីកម្ពុជានៅតាមព្រំដែន។

អ្នកជំនាញភូមិសាស្រ្តនយោបាយបញ្ជាក់ថា៖«ក្នុងស្មារតីទប់ទល់ជាមួយសត្រូវខាងក្រៅបែបនេះ ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយទាំងក្នុង និង​ក្រៅ​ប្រទេស ត្រូវតែរួបរួមសាមគ្គីគ្នាជាមួយរាជរដ្ឋាភិបាល ខំប្រឹងប្រែងទួងស្គរបំពងសំឡេងអយុត្តិធម៌បន្លែមទៀត ដើម្បីបង្ហាញ​ចរិតអាក្រក់​ពិតប្រាកដ​របស់ថៃ និងអំពើឈ្លានពានមកលើកម្ពុជា»។

សារព័ត៌មាន Fox News របស់សហរដ្ឋអាមេរិក បានចោទជាសំនួរទៅកាន់សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រសិនបើវត្តមានរបស់យោធថៃ នៅតែបន្តរុញច្រានចូលទៅក្នុងទឹកដីរបស់អ្នក តើកម្ពុជាមានគម្រោងឆ្លើយតបយ៉ាងដូចម្តេច? តើកាលៈ​ទេសៈណាដែលបទឈប់បាញ់នឹងលែងមានប្រសិទ្ធភាព?

ជាការឆ្លើយតប សម្តេចធិបតីថ្លែងថា៖ យើងមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកងទ័ពទាំងពីរចូលជាធរមាន ប៉ុន្ដែកងទ័ពថៃនៅបន្តសកម្មភាពរបស់ខ្លួនដាក់ពង្រាយទូរកុងតឺន័រ និងរាយបន្លាលួសចូលជ្រៅក្នុងទឹកដីកម្ពុជា។ នេះជាមូលហេតុ​ដែលយើង​និយាយថា ការកាន់កាប់ទីតាំង គឺហួសពីការទាមទារជាឯកតោភាគីរបស់ប្រទេសថៃ។

សម្ដេចបន្តថា តំបន់ទាំងនោះ គឺជាកម្មសិទ្ធិរបស់កម្ពុជា ដែលឥឡូវនេះពលរដ្ឋកម្ពុជាជាច្រើនគ្រួសារ មិនអាចវិលត្រឡប់​ទៅស្រុក​កំណើត​របស់​ខ្លួ​នវិញបានទេ។ ទង្វើររបស់យោធាថៃទាំងអស់នេះ ត្រូវបានអនុវត្តខុសពីសេចក្តីថ្លែងការណ៍រួម ដែលយើងមានរវាងប្រទេសទាំងពីរ ដែលត្រូវអនុញ្ញាតឱ្យជនស៊ីវិលទាំងអស់ត្រឡប់មកផ្ទះពួកគេវិញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជំហររបស់យើងតែងតែប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី ការសន្ទនាដោយសន្តិវិធី ព្រោះយើងមិនជឿថា ការប្រើប្រាស់សង្គ្រាម ដើម្បីបញ្ឈប់សង្គ្រាម គឺគ្មាននិរន្តរភាព ឬជាក់ស្តែងនោះទេ។ នេះជាមូលហេតុ​ដែលយើង​បានស្នើឱ្យ​ប្រទេសថៃ​គោរពកិច្ច​ព្រម​ព្រៀង ដែលមានលោកប្រធានាធិបតី Trump និងប្រធានអាស៊ាន គឺលោកនាយករដ្ឋមន្ត្រី Anwar បានធ្វើជាសាក្សី ដែលបាន​កំណត់លក្ខ​ខណ្ឌច្បាស់លាស់មួយ ដើម្បីដោះស្រាយបញ្ហានេះ ពីព្រោះជម្លោះរវាងប្រទេសថៃ មូលហេតុចម្បងគឺជម្លោះទឹកដី។ លោកប្រធានាធិបតី Trump បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួល និងធានាឱ្យមានបទឈប់បាញ់តាំងតែពីលើកដំបូងរវាងប្រទេសកម្ពុជា និងប្រទេសថៃ៕

To Top