ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ប្រាប់អង្គទូត ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់​ ប្រតិបត្តិការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការប្រយុទ្ធប្រឆាំង ការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា បានថ្លែងប្រាប់បណ្ដាលអង្គទូត នានាពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់ ប្រតិបត្តិការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការពង្រឹងការបង្ក្រាប នៅទូទាំងប្រទេស។ នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា។

ការលើកឡើងរបស់ លោកទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ នាឱកាសអញ្ជើញធ្វើបទបង្ហាញ ជូនអង្គទូតនៅរាជធានីភ្នំពេញ នាពេលថ្មីៗនេះ អំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម តាមប្រព័ន្ធព័ត៌មានវិទ្យា។ កិច្ចប្រជុំនេះត្រូវបានសម្របសម្រួលដោយ លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី នៃក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ។

លោកទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានសម្តែងការកោតសរសើរដល់ស្ថាន បេសកកម្ម និងដៃគូបរទេស ចំពោះការបន្តចូលរួម និងគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ដែលបានពង្រីកនូវវិសាលភាព និងភាពស្មុគស្មាញ។

លោក បានសង្កត់ធ្ងន់ថា ឧក្រិដ្ឋកម្មនេះគឺជាក្តី កង្វល់សកល ទាមទារការចូលរួមរបស់រាជរដ្ឋាភិបាលនៅគ្រប់កម្រិត និងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព។

លោក បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុង ការលុបបំបាត់ប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការពង្រឹងការបង្ក្រាបនៅទូទាំងប្រទេស ក្រោមការដឹកនាំដោយផ្ទាល់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំង នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានបង្កើតឡើង នៅដើមឆ្នាំមុន ដើម្បីធានានូវប្រសិទ្ធភាព នៃយុទ្ធនាការនេះ ។

លោកទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនអង្គទូតអំពីវឌ្ឍនភាព ដែលសម្រេចបានចាប់ តាំងពីឆ្នាំកន្លងទៅ ដោយបានលើកឡើងអំពីការបង្ក្រាបប្រតិបត្តិការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានៅ ប្រទេសបានចំនួន២០០ករណី និងបានចាត់វិធានតាមផ្លូវច្បាប់ចំពោះមេខ្លោង និងសមគំនិតដែលមានជាតិ សាសន៍ចម្រុះបានប្រមាណ៥០០នាក់៕

To Top