ភ្នំពេញ៖ តាមរយៈជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក លោក Hakan Fidan រដ្ឋមន្ត្រីការបរទេសតួកគីយ៉េ បានសម្ដែង នូវសេចក្ដីសង្ឃឹមថា កម្ពុជា-ថៃនឹងអាចសម្រេចបាន នូវសន្តិភាពយូរអង្វែង នាពេលអនាគត ។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រីការបរទេសតួកគីយ៉េ បានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគីយ៉េ លើវិស័យសំខាន់ៗជាច្រើន។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានគោរពអញ្ជើញសម្ដេចធិបតី បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋតួកគី ក្នុងពេលវេលាសមស្រប ក្នុងគោលបំណង បន្តជំរុញនូវការរីកចម្រើន នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែមានភាពជិតស្និទ។ ក្រៅពីទំនាក់ទំនងទ្វេភាគី, លោករដ្ឋមន្ត្រីការបរទេសតួកគីយ៉េ ក៏បានបង្ហាញនូវចំណាប់អារម្មណ៍ និងមានបំណងស្វែងយល់បន្ថែម ទៅលើជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសឬសគល់នៃជម្លោះនេះ។

លោកក៏បានសម្ដែងនូវសេចក្ដីសង្ឃឹមថា កម្ពុជា-ថៃនឹងអាចសម្រេចបាន នូវសន្តិភាពយូរអង្វែង នាពេលអនាគត។

ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវសេចក្ដីសោមនស្ស ដែលបានឃើញនូវភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ព្រមទាំង បានគូសបញ្ជាក់ អំពីការប្ដេជ្ញាចិត្ត ក្នុងការបន្តធ្វើការ ជាមួយប្រទេសតួកគីយ៉េ ដើម្បីពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរថែមទៀត។

ក្នុងឱកាសនេះ សម្ដេច ក៏បានគូសបញ្ជាក់អំពីគោលនយោបាយរបស់កម្ពុជា ក្នុងការធ្វើពិពិធកម្មដៃគូនៃកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ លើជុំវិញពិភពលោក ផងដែរ។

ជាមួយគ្នានេះ,សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏លើកឡើង អំពីឬសគល់ នៃជម្លោះព្រំដែនកម្ពុជា-ថៃ ក៏ដូចជាការវិវត្តថ្មីៗ នៃស្ថានភាពលើដីជាក់ស្ដែង និងបានគូសបញ្ជាក់អំពីជំហរ របស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ និងច្បាប់អន្តរជាតិ។

សម្ដេចធិបតី និងលោករដ្ឋមន្ត្រីការបរទេសតួកគីយ៉េ ក៏បានបន្តពិភាក្សា ដើម្បីស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត សំដៅផ្ដល់សន្ទុះទៅដល់ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ដែលផ្ដោតលើវិស័យសំខាន់ៗ រួមមាន៖ វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ, វិស័យសន្តិសុខនិងការពារជាតិ ក៏ដូចជាវិស័យអប់រំជាដើម។ ។
បន្ថែមលើនេះសម្ដេចធិបតី និងលោករដ្ឋមន្ត្រីការបរទេសតួកគីយ៉េ ក៏បានបន្តពិភាក្សា អំពីកិច្ចសហប្រតិបត្តិការ ក្នុងខណ្ឌតំបន់ និងពិភពលោក ជាពិសេសនៅក្នុងក្របខណ្ឌអាស៊ាន៕
