ព័ត៌មានជាតិ

ប្រធានប្រតិបត្តិ ក្រុមប្រឹក្សាអាត្លង់ទិក ចង់ចុះស្វែងយល់បន្ថែម អំពីជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសឬសគល់នៃជម្លោះ

ភ្នំពេញ៖ ក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក Frederick Kempe ប្រធាន និងជានាយកប្រតិបត្តិក្រុមប្រឹក្សាអាត្លង់ទិក បានបង្ហាញនូវចំណាប់អារម្មណ៍ នៅក្នុងការចុះស្វែងយល់បន្ថែម អំពីជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសឬសគល់នៃជម្លោះព្រំដែន រវាងប្រទេសទាំងពីរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកឧត្តមសេនីយ៍ Jim Jones និង លោក Frederick Kempe ប្រធាន និងជានាយកប្រតិបត្តិ ក្រុមប្រឹក្សាអាត្លង់ទិក ក្នុងឱកាសនៃការអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកដំបូង នៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។

ក្នុងជំនួបនេះ ប្រធានប្រតិបត្តិក្រុមប្រឹក្សាអាត្លង់ទិក បានបង្ហាញនូវចំណាប់អារម្មណ៍ នៅក្នុងការចុះស្វែងយល់បន្ថែម អំពីជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសឬសគល់នៃជម្លោះព្រំដែន, និងការឆ្លើយតបរបស់កម្ពុជា ក៏ដូចជាការរួមចំណែក របស់សហរដ្ឋអាម៉េរិក ក្នុងការស្វែង រកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។

ជាមួយគ្នានេះ សម្ដេចធិបតី លើកឡើងអំពីដំណើររឿង និងការវិវត្តជាបន្តបន្ទាប់ រហូតដល់ពេលបច្ចុប្បន្ន នៃជម្លោះព្រំដែន កម្ពុជា-ថៃ ក៏ដូចជាយន្តការសន្តិវិធី ដែលកម្ពុជាបានប្រើប្រាស់ រួមទាំងការអត់ធ្មត់របស់កម្ពុជាក្នុងការឆ្លើយតប។ ទន្ទឹមនេះ, សម្ដេចធិបតី បានសង្កត់ធ្ងន់អំពីជំហររបស់កម្ពុជា ក្នុងការបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ និងច្បាប់អន្តរជាតិ។

សម្ដេចធិបតី បានគូសបញ្ជាក់បន្ថែមទៀតថា អ្វីដែលសម្ដេចធិបតី លើកឡើងនាពេលនេះ មិនមែនជាការចោទប្រកាន់ ដោយគ្មានមូលដ្ឋាននោះទេ ប៉ុន្តែគឺជាអ្វីដែលបាននិងកំពុងកើតឡើង នៅលើដីជាក់ស្ដែង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យក្រុមប្រឹក្សាអាត្លង់ទិក ជួយចែករំលែកបន្ត នូវការពិតអំពីជម្លោះព្រំដែនកម្ពុជា-ថៃ នេះផងដែរ។

បន្ថែមលើនេះសម្ដេចធិបតី និងលោកប្រធានប្រតិបត្តិ ក្រុមប្រឹក្សាអាត្លង់ទិក ក៏បានពិភាក្សាគ្នា អំពីជំហានបន្ទាប់ ដែលក្រុមប្រឹក្សា អាចរួមចំណែក ក្នុងការបង្ហាញការពិតពាក់ព័ន្ធនឹងជម្លោះព្រំដែន កម្ពុជា-ថៃ ទៅកាន់ពិភពលោក៕

To Top