ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន អញ្ជើញបើកកិច្ចប្រជុំបូក សរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស

កំពង់ឆ្នាំង៖ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ខ្លួន ក្រោមអធិបតីភាព លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលាស្រុកសាមគ្គីមានជ័យ ។

កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ លើលទ្ធផល នៃការអភិវឌ្ឍមូលដ្ឋាន, ការលើកកម្ពស់ការផ្ដល់សេវាសាធារណៈ, ការឆ្លើយតបទៅនឹងសំណូមពរ និងការដោះស្រាយនូវបញ្ហានិងតម្រូវការនានា ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន របស់ក្រុមការងាររាជរដ្ឋាភិបាលស្រុកទាំង២ សំដៅចូលរួមគាំទ្រការអនុវត្ត កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ព្រមទាំងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

តាមរយៈរបាយការណ៍ លទ្ធផលការងារ ដែលអានដោយលោកអភិបាលស្រុកទាំងពីរ លោករដ្ឋមន្ដ្រី បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានរួមសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈសម្រាប់ផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋពិតប្រាកដ។

ជាមួយគ្នានោះ លោករដ្ឋមន្ដ្រី បានផ្តល់នូវអនុសាសន៍មួយចំនួន ជូនដល់ក្រុមការងារ រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីបន្តដំណើរការ អនុវត្តការងារឱ្យសម្រេច បានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមទិសដៅការងារដែលបានដាក់ចេញ ជាពិសេសការលើកកម្ពស់ ការផ្ដល់សេវាសាធារណៈ និងការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព៕

To Top