អ៊ីរ៉ង់ និងអាមេរិក នឹងបន្តការចរចាឡើងវិញ ចំពេលមានឥរិយាបថយោធាកាន់តែតានតឹង និងការបែកបាក់គ្នា ដែលកំពុងបន្ត
តេអេរ៉ង់៖សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានសម្រេចចិត្តបន្តការចរចា ទោះបីជាចក្ខុវិស័យខុសគ្នាយ៉ាងខ្លាំងរបស់ពួកគេអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងការកសាងយោធាដ៏សំខាន់របស់សហរដ្ឋអាមេរិក បានបង្ហាញពីភាពផុយស្រួយនៃដំណើរការ និងហានិភ័យនៃការប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់ក៏ដោយ។
រដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Sayyid Badr bin Hamad bin Hamood Albusaidi បានឧ្យដឹងថា កិច្ចចរចាជុំបន្ទាប់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ នៅទីក្រុងហ្សឺណែវ។
រដ្ឋមន្ត្រីរូបនេះបានឧ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “យើងរីករាយក្នុងការបញ្ជាក់ថា ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឥឡូវនេះត្រូវបានកំណត់ សម្រាប់ទីក្រុងហ្សឺណែវនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជាមួយនឹងការជំរុញវិជ្ជមាន ដើម្បីខិតខំប្រឹងប្រែងបន្ថែមទៀតឆ្ពោះទៅរកការបញ្ចប់កិច្ចព្រមព្រៀង”។
នៅក្នុងការហៅទូរស័ព្ទមួយកាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi និងអគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi បានសង្កត់ធ្ងន់លើសារៈសំខាន់នៃ “ការចូលរួមប្រកបដោយស្ថាបនា និងការប្រើប្រាស់មាគ៌ានៃការសន្ទនា” ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រកបដោយចីរភាព។
នេះជាការកត់សម្គាល់របស់លោក Araghchi កាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិក MSNBC ថា ទីក្រុងតេអេរ៉ង់នឹងរៀបចំសេចក្តីព្រាងនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលអាចធ្វើទៅបានជាមួយសហរដ្ឋអាមេរិកក្នុងរយៈពេលពីរទៅបីថ្ងៃ ហើយដាក់ជូនគណៈប្រតិភូអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា
