UNESCO ប្រចាំកម្ពុជា បញ្ជាក់ជំហរ សហការបន្ថែមទៀត ជាមួយក្រសួងទេសចរណ៍ ដើម្បីអភិវឌ្ឍទេសចរណ៍ វប្បធម៌-បេតិកភណ្ឌ
ភ្នំពេញ៖ អង្គការ UNESCO ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ជំហរ សហការបន្ថែមទៀត ជាមួយក្រសួងទេសចរណ៍ ដើម្បីអភិវឌ្ឍទេសចរណ៍វប្បធម៌-បេតិកភណ្ឌ និង ចាត់ទុកទេសចរណ៍ ជាមូលបទសំខាន់មួយ សម្រាប់ព្រឹត្តការណ៍ អបអរសាទរ ខួបទី៧៥ឆ្នាំ នៃសមាជិកភាពរបស់កម្ពុជា ។

ការបញ្ជាក់ជំហរនេះ ធ្វើឡើងក្នុងអំឡុងពេលដែលលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោក Flavio Bonetti តំណាងអង្គការ UNESCO ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នាទីស្តីការក្រសួងទេសចរណ៍។

ក្នុងឱកាសនេះ លោក Flavio Bonetti បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត បន្តគាំទ្រកម្ពុជាក្នុងការអភិរក្ស និងលើកកម្ពស់ បេតិកភណ្ឌវប្បធម៌ និងធម្មជាតិដែលជាសក្តានុពលដ៏សម្បូរបែប និងជាគោលដៅទេសចរណ៍ដ៏ខ្លាំងក្លា ដែលកម្ពុជាមាន។

កិច្ចពិភាក្សា ក៏បានលើកឡើង ពីកិច្ចសហប្រតិបត្តិការ ផ្នែកបច្ចេកទេស ដល់ក្រសួងទេសចរណ៍លើការ ចុះបញ្ជីបណ្តាញទីក្រុង ច្នៃប្រឌិតរបស់ UNESCO ដោយបានលើកឡើងពីភាពជោគជ័យ របស់ទីក្រុងបាត់ដំបង ដែលជាប់ជាទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ ព្រមទាំងពិចារណា លើការគាំទ្រខេត្តផ្សេងៗ នាពេលអនាគត ព្រមទាំងពិភាក្សាអំពីការគ្រប់គ្រង និងអភិវឌ្ឍតំបន់បេតិកភណ្ឌពិភពលោក ដូចជាប្រាសាទសំបូរព្រៃគុក និងប្រាសាទព្រះវិហារ ដោយផ្តោតលើការ អភិរក្សតម្លៃសកល ដ៏អស្ចារ្យឱ្យបានគង់វង្ស និងឋិតឋេរ សម្រាប់ជាគោលដៅ ទេសចរណ៍បេតិកភណ្ឌ។

ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់លោក Flavio Bonetti និងសហការីរបស់អង្គការសហប្រជាជាតិ UNESCO ប្រចាំកម្ពុជា ចំពោះការគាំទ្រ និងសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងទេសចរណ៍រហូតមក ក្នុងការលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍វប្បធម៌ បេតិកភណ្ឌ និងធម្មជាតិ ប្រកបដោយចីរភាព ស្របតាមស្តង់ដាអន្តរជាតិ និងបរិបទជាក់លាក់របស់កម្ពុជា ព្រមទាំងគំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការដែលកំពុងអនុវត្ត និងគ្រោងអនុវត្តនានា ដែលជាចំណែកសំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី ក៏បានស្នើសុំការ គាំទ្របន្ថែមពី UNESCO ក្នុងការផ្សព្វផ្សាយគោលដៅ ទេសចរណ៍កម្ពុជា លើឆាកអន្តរជាតិ ការផ្តល់ជំនួយបច្ចេកទេសសម្រាប់ការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌជាពិសេស និងបន្ទាន់គឺប្រាសាទព្រះវិហារលោករដ្ឋមន្រ្តី ក៏បានស្នើជំនួយបច្ចេកទេស ដល់ក្រសួងទេសចរណ៍ ក្នុងការចុះបញ្ជីទីក្រុងកំពត ទីរួមខេត្តក្រចេះ និងខេត្តរតនគិរី ក្នុងបណ្តាញទីក្រុងបណ្តាញ ទីក្រុងច្នៃប្រឌិតរបស់ UNESCO ព្រមទាំងការបញ្ចូលវិស័យទេសចរណ៍ ជាមូលបទសំខាន់មួយ ក្នុងអបអរសាទរខួបលើកទី៧៥ នៃការចូលជាសមាជិក UNESCO របស់កម្ពុជា នាឆ្នាំ២០២៦ ។

គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជា បានចូលជាសមាជិកអង្គការ UNESCO តាំងពីឆ្នាំ១៩៥១ ដែលគិតមកដល់ឆ្នាំ២០២៦ នេះ មានរយៈពេល ៧៥ឆ្នាំ ហើយក៏ជាខួបលើកទី៣៥ នៃការបើកការិយាល័យ UNESCO ប្រចាំកម្ពុជាឡើងវិញ នាឆ្នាំ១៩៩១៕



