សម្តេចតេជោ និងប្រធានាធិបតីបារាំង ម៉ាក្រុង ជាមិត្តដ៏ជិតស្និទ្ធ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធភាកម្ពុជា មានប្រសាសន៍អះអាងថា សម្តេច និងប្រធានាធិបតីបារាំង គឺជាមិត្តភិក្តដ៏ជិតស្និទ្ធ ជាមួយគ្នា ដែលតែងប្រាស្រ័យទាក់ទងគ្នា ទៅវិញទៅមក ជាប់ជាប្រចាំ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យ សម្តេចតេជោ បានលើកឡើងក្រោយបញ្ចប់ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក Thomas LAM ប្រធានក្រុមមិត្តភាព រដ្ឋសភាបារាំង-កម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ថា លោក Thomas LAM បានរំលឹកនាពេលកន្លងមក ដែលថ្នាក់ដឹកនាំប្រទេសបារាំង បានចូលរួមចំណែកក្នុងការស្វែងរកសន្តិភាពសម្រាប់កម្ពុជា ជាពិសេសបានចូលរួមចំណែក ក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ។ ដូច្នេះ ទំនាក់ទំនងរវាងកម្ពុជានិងបារាំង ពិតជាមានភាពល្អប្រសើរជាខ្លាំង ។

លោកបន្ថែមថា នៅចុងឆ្នាំ២០២៦នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំហ្វ្រង់ហ្វូកូនី ហើយក៏នឹងត្រៀមទទួលស្វាគមន៍ប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអ៊ែល ម៉ាក្រុងដែលនឹងអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ ។

លោក ជា ធីរិទ្ធ បន្តថា ចំពោះការលើកឡើង របស់ប្រធានក្រុមមិត្តភាពរដ្ឋសភា បារាំង-កម្ពុជា អំពីទំនាក់ទំនងរវាងកម្ពុជា-បារាំងនេះ សម្តេចតេជោ បានចាត់ទុកបារាំង ជាមិត្តចាស់ដ៏ស្និទ្ធស្នាលជាទីបំផុត ដែលមានចំណងជាប្រវត្តិសាស្រ្ត ដ៏យូរអង្វែងជាមួយគ្នា ហើយក៏ជាមិត្ត ដែលតែងតែធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងស៊ីជម្រៅជាមួយគ្នា នាពេលកន្លងមក ។

អ្នកនាំពាក្យសម្តេចតេជោបញ្ជាក់ថា “សម្តេចតេជោ ក៏បានរំលេចអំពីទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង នឹងមកទស្សនកិច្ច នៅកម្ពុជានោះ គឺជាចំណុចដ៏សំខាន់ នៃការផ្សាភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងបារាំងបន្ថែមទៀត ។ សម្តេចតេជោបានរំលេចថា សម្តេចផ្ទាល់ និងឯកឧត្តម ម៉ាក្រុង គឺជាមិត្តដ៏ជិតស្និទ្ធជាមួយគ្នាដែលតែងតែប្រាស្រ័យ ទាក់ទងគ្នាទៅវិញទៅមកជាប្រចាំ” ។
ជាមួយគ្នានេះដែរ សម្តេចតេជោប្រធានព្រឹទ្ធសភា ក៏បានរំលឹកឡើងវិញផងដែរ ចំពោះតួនាទីបារាំង ដែលបានចូលរួមចំណែកស្វែងរកសន្តិភាព សម្រាប់កម្ពុជានៅក្នុងជំនួបសីហនុ-ហ៊ុន សែន នៅឆ្នាំ១៩៨៧ ជាចំណុចចាប់ផ្តើមស្វែងរកការចរចា ដើម្បីឆ្ពោះទៅរកសន្តិភាព តាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ៕

