សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការដឹកនាំ ដើម្បីទទួលផលវិជ្ជមាន មិនអាចធ្វើឡើង តាមបែបបណ្តែត បណ្តោយ
ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រមក្រោមឱវាទក្រសួង សុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) សរុបចំនួន ៣ ១៧៩រូប លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា ការដឹកនាំ ដើម្បីទទួលបានផលវិជ្ជមាន មិនអាចធ្វើឡើង តាមបែបបណ្តែតបណ្តោយ ឬគ្រាន់តែធ្វើទៅតាមតែលទ្ធភាពដែលមានបានទេ ។

ឆ្លៀតពេលវេលាដ៏មានតម្លៃនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានធ្វើការបកស្រាយពីទម្រង់នៃការដឹកនាំដែលជាដំណើរការ ដែលបុគ្គលបានបង្កើតឱ្យមានឥទ្ធិពល ដល់ក្រុមការងារ ដើម្បីឈាន ទៅសម្រេចបាននូវគោលដៅរួមមួយ។ អ្នកដឹកនាំត្រូវមានទស្សនៈវិស័យទូលំទូលាយ និងត្រូវមានសមត្ថភាព ដឹកនាំការងារក្នុងគ្រប់ស្ថានភាព និងកាលៈទេសៈ។

សាស្រ្តាចារ្យរដ្ឋមន្រ្តីបន្ថែមថា ដើម្បីធ្វើការដឹកនាំកុំឱ្យជាប់គាំង អ្នកដឹកនាំ មិនត្រូវធ្វើការក្នុងលក្ខខណ្ឌចង្អៀតចង្អល់ (ទាល់តែមានអ្វីៗ គ្រប់សព្វទើបអាចដឹកនាំបាននោះទេ) មិនត្រូវធ្វើឡើងតាមបែបបណ្តែតបណ្តោយ ឬ ធ្វើតាមតែលទ្ធភាពដែលមាន (មើលតាមជាក់ស្តែង)។ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកពាក្យគន្លឹះ one process, one person មកធ្វើការបកស្រាយស៊ីជម្រៅពីទស្សនវិទ្យា នៃការដឹកនាំ ដែលបង្កើតជាដំណើរការមួយដែលកើតឡើងហើយ ដំណើរការនោះនឹងបង្ហាញពីអ្វីមួយ នឹងផ្តល់នូវបទពិសោធន៍ ក្លាយជាលទ្ធផលមួយដែលគេចង់បាន។

បន្ថែមពីលើនេះ ការដឹកនាំទាក់ទង នឹងបុគ្គលភាព ដែលជាអ្នកបំភ្លឺផ្លូវ និងផ្សារសាច់ឈាមជាមួយក្រុមការងារ ដើម្បីក្លាយខ្លួនទៅជាអ្នកដឹកនាំ ដែលមានឥទ្ធិពលទាក់ទាញ ៕






