ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ៖ ការបោសសម្អាត Online Scams មានជនបរទេសជាង ២១ម៉ឺននាក់ ស្ម័គ្រចិត្តចេញពីកម្ពុជា

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឱ្យដឹងថា តាមរយៈការទប់ស្កាត់ និងចុះបង្ក្រាបបោសសម្អាត Online Scams មានជនបរទេសជាង ២១ម៉ឺននាក់ បានស្ម័គ្រចិត្តចេញពីកម្ពុជា ហើយប្រមាណជាង ៣ម៉ឺននាក់ ត្រូវបានបណ្ដេញចេញផងដែរ។

ការឱ្យដឹងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នាឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១១ ក្រោមប្រធានបទ “រួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងគ្មានអំពើឆបោកតាមអនឡាញ” ប្រារព្ធធ្វើនៅសាលមហោស្រព កោះពេជ្រ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ខ្ញុំ សូមយកឱកាសនេះ បញ្ជាក់ជូនដល់អង្គពិធីរបស់យើងថា តាមរយៈការបង្ការ ទប់ស្កាត់ ហើយចុះបង្ក្រាបបោសសម្អាត Online Scams នេះ មកដល់ម៉ោងនេះយើងមានជាង ២១ម៉ឺននាក់ បានចាក់ចេញដោយស្ម័គ្រចិត្តពីព្រះរាជាណាចក្រកម្ពុជា ប្រមាណជាង ៣ម៉ឺននាក់ ត្រូវបានបណ្ដេញចេញ និងចាប់បញ្ជូនទៅប្រទេសដើមវិញ»។

ទន្ទឹមនេះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានថ្លែងអំណរគុណដល់បណ្ដាអង្គទូតនានា ក្នុងការជួយសម្របសម្រួលជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទទួលយកជនសាម៉ីរបស់ខ្លួន យកទៅប្រទេសដើមវិញ។

សូមរំលឹកថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវមេខ្លោងបោកបញ្ឆោត ឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេស របស់ខ្លួនវិញ៕

To Top