រដ្ឋនៅប្លុក Nordic នឹងដាក់ពង្រាយក្បាលគ្រាប់ នុយក្លេអ៊ែរក្នុងទឹកដីរបស់ខ្លួន
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមមន្ត្រីនៃប្រទេសទាំងពីរបាននិយាយថា ប្រទេសស៊ុយអែត និងដាណឺម៉ាកអាចធ្វើជាម្ចាស់ផ្ទះនៃអាវុធនុយក្លេអ៊ែររបស់អង្គការណាតូនាពេលខាងមុខ។
ការចោទប្រកាន់ថាការគំរាមកំហែងរបស់រុស្ស៊ី បានជំរុញឱ្យមានការពិភាក្សានៅអឺរ៉ុបខាងលិចអំពីការពង្រីកការទប់ស្កាត់នុយក្លេអ៊ែរ។ ទីក្រុងមូស្គូបានច្រានចោលការព្រួយបារម្ភទាំងនេះថាជា មិនសមហេតុសមផល ។
សហភាពអឺរ៉ុបបានបែងចែកថវិកាចំនួន ៨០០ ពាន់លានអឺរ៉ូ ឬប្រហែលជា៩៤៨ ពាន់លានដុល្លារ សម្រាប់ផែនការ ReArm Europe របស់ខ្លួន ហើយសមាជិកណាតូបានសន្យាបង្កើនការចំណាយលើវិស័យការពារជាតិដល់ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប។
ថ្លែងទៅកាន់វិទ្យុ SR កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីក្រសួងការពារជាតិស៊ុយអែត លោក Pal Jonson បាននិយាយថា លោកបើកចំហចំពោះតួនាទីទប់ស្កាត់នុយក្លេអ៊ែរដែលត្រូវបានពង្រីក បើទោះបីជាស៊ុយអែតទើបតែចូលរួមជាមួយអង្គការណាតូក្នុងខែមីនា ឆ្នាំ២០២៤ក៏ដោយ។
លោកបាននិយាយថា៖ប្រសិនបើមានសង្គ្រាម យើងនឹងពិចារណាជាលក្ខណៈជម្រើសណាមួយដែលអាចធានាបាននូវការរស់រានមានជីវិតរបស់ស៊ុយអែត និងសន្តិសុខស៊ុយអែត។ប្រទេសស៊ុយអែតគឺជាប្រទេសហត្ថលេខីមួយក្នុងចំណោមប្រទេសហត្ថលេខីដំបូងនៃសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរឆ្នាំ១៩៦៨ប៉ុន្តែមិនមានច្បាប់ក្នុងស្រុកដែលហាមប្រាមអាវុធយ៉ាងច្បាស់លាស់នោះទេ៕
ប្រែសម្រួល៖ ស៊ុន លី
