ក្រសួងការងារ និងក្រុមហ៊ុន ខ្មែរ ហ្វេមីលី ប៊ីហ្សនេស មេនេចម៉ិន រួមគ្នាលើកកម្ពស់ការយល់ដឹងពីសុវត្ថិភាព និងសុខភាពការងារ (OSH) នៅកន្លែងធ្វើការ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោក Xie Peilin (ស្ស៉ី ផីលីន) អគ្គនាយកក្រុមហ៊ុន ខ្មែរ ហ្វេមីលី ប៊ីហ្សនេស មេនេចម៉ិន ឯ.ក. (Khmer Family Business Management Co., Ltd.) និងបានចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោគយល់គ្នា (MoU) ស្ដីពីការលើកកម្ពស់ សុវត្ថិភាព និងសុខភាពការងារ តាមរយៈកិច្ច សហប្រតិបត្តិការ បណ្ដុះបណ្ដាល ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងផ្នែកសុវត្ថិភាព និងសុខភាពការងារ (OSH) ដល់កម្មករនិយោជិត។

តាមរយៈអនុស្សរណៈ នៃការយោគយល់គ្នានេះ នឹង បង្កើតជាក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការជំរុញ ការបណ្ដុះបណ្ដាលការ យល់ដឹងពីសុវត្ថិភាព និងសុខភាពការងារ (OSH) ឱ្យមានលក្ខណៈជាប្រព័ន្ធ និងស្តង់ដា។ តាមរយៈគម្រោងនេះ ក្រុមហ៊ុន និងដៃគូសហការនឹងប្រើប្រាស់សក្តានុពល និងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ដើម្បីផ្ដល់ការគាំទ្រយ៉ាងរឹងមាំសម្រាប់ការ អភិវឌ្ឍប្រព័ន្ធសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា។

នាឱកាសនោះ លោក Xie Peilin បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង ដែលបានគាំទ្រនិងផ្ដល់ទំនុកចិត្តដល់ក្រុមហ៊ុនក្នុងការរួមចំណែកផ្តល់សេវាសាធារណៈនៅកម្ពុជា។ លោកបានលើកឡើងថា ការផ្តល់ការបណ្ដុះបណ្ដាលដើម្បីលើកកម្ពស់ ចំណេះដឹង OSH និងការធានាឱ្យសហគ្រាសទទួល បានលទ្ធផល តាមការរំពឹងទុក គឺជាគោលបំណងចម្បងរបស់ក្រុមហ៊ុន។

លោកអគ្គនាយក Xie បានប្ដេជ្ញាចិត្តបង្កើនប្រព័ន្ធស្តង់ដា គ្រប់គ្រងការធានាសុវត្ថិភាព សម្រាប់កម្មករនិយោជិត ទៅតាមលក្ខណៈបច្ចេកទេស និង វិទ្យាសាស្ត្រកម្រិតខ្ពស់ ដើម្បីធានាថាគម្រោងនេះសម្រេចបានលទ្ធផល ជាអតិបរមាសម្រាប់អត្ថប្រយោជន៍ដល់កម្មករនិយោជិត និងសហគ្រាស។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា សុវត្ថិភាព និងសុខភាពការងារ គឺជាអាទិភាពមួយយ៉ាងសំខាន់នៅកន្លែងធ្វើការ ដែលរាជរដ្ឋាភិបាល ក៏ដូចក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងដៃគូពាក់ព័ន្ធបាននិងកំពុងធ្វើឱ្យប្រសើរឡើងនូវផ្នែក OSH នេះ ដែលគ្រប់គ្នាត្រូវតែយល់ដឹងអំពី OSH ដើម្បីចៀសវាងនូវហានិភ័យណាមួយនៅកន្លែងធ្វើការ។

លោករដ្ឋមន្រ្តីបានលើកទឹកចិត្តដល់ក្រុមហ៊ុនបើកដំណើរ ការបណ្ដុះបណ្ដាលឱ្យ បានឆាប់រហ័ស ដោយលោកសង្ឃឹមថា ការចែករំលែកបទពិសោធរបស់ក្រុមហ៊ុននឹងជួយសម្រួលដល់ការរៀបចំមេរៀន និងវគ្គបណ្ដុះបណ្ដាលឱ្យមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងកំណើនរោងចក្រ និងសហគ្រាសនៅកម្ពុជា។

សូមបញ្ជាក់ថា ក្រុមហ៊ុន ខ្មែរ ហ្វេមីលី ប៊ីហ្សនេស មេនេចម៉ិន ដែលត្រូវបានបង្កើតឡើងរវាងក្រុមហ៊ុន Guanhong Enterprise Management (Qingdao) Co., Ltd. នៅប្រទេសចិន និងក្រុមហ៊ុន LX group (អិល អិកស៍ គ្រុប) នៅកម្ពុជា បានប្ដេជ្ញាចិត្តរួមគ្នាប្រមូលផ្តុំធនធានចិន-កម្ពុជា ដើម្បីសម្រេចឱ្យបាននូវការបណ្ដុះបណ្ដាលលើកកម្ពស់ចំណេះដឹង OSH ការចុះត្រួតពិនិត្យសុវត្ថិភាពសហគ្រាស ការលើកកម្ពស់ស្តង់ដាបទប្បញ្ញត្តិ OSH និងគំនិតផ្ដួចផ្ដើមកិច្ចសហការពាក់ព័ន្ធ៕







