ព័ត៌មានជាតិ

រដ្ឋមន្ដ្រីក្រសួងអប់រំ ជួបពិភាក្សាជាមួយ ប្រតិភូអង្គការ HKI ស្តីពី កិច្ចប្រតិបត្តិការ លើកកម្ពស់ អាហារូបត្ថម្ភ តាមសាលារៀននៅកម្ពុជា

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូអង្គការ Helen Keller International (HKI) នៅថ្ងៃទី២ មីនា ស្តីពី កិច្ចសហប្រតិបត្តិការ លើកកម្ពស់អាហារូបត្ថម្ភ នៅតាមសាលារៀន ក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសជំនួបនេះ តំណាងអង្គការ Helen Keller International បានគូសបញ្ជាក់ ពីចក្ខុវិស័យ និងបេសកកម្មនៅកម្ពុជា របស់អង្គការ ផ្ដោតសំខាន់លើការកាត់បន្ថយភាពងងឹតភ្នែក និងការលុបបំបាត់បញ្ហាកង្វះ អាហារូបត្ថម្ភសម្រាប់កុមារ។ ក្នុងឆ្នាំ២០២៦នេះ អង្គការមានគម្រោងសំខាន់ចំនួន៣ កំពុងអនុវត្តយ៉ាងសកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការសុខភាព និងអាហារូបត្ថម្ភ ។

ជាការឆ្លើយតប លោក ឧបនាយករដ្ឋមន្ត្រី បានលើកឡើង ពីវឌ្ឍនភាព និងអាទិភាពថ្មីៗមួយចំនួន នៃកំណែទម្រង់វិស័យ អប់រំនៅកម្ពុជា ដោយបានរំលេចពី ការអនុវត្តគោល នយោបាយផ្តល់ អាហារតាមសាលារៀន ដោយប្រើប្រាស់ កសិផលក្នុងសហគមន៍ ការថែទាំសុខភាពទារកក្នុងអំឡុង ១ពាន់ថ្ងៃដំបូង ការជំរុញនិងលើកកម្ពស់ការអប់រំកុមារតូច សំដៅបង្កើនអត្រាគង់វង្ស និងកាត់បន្ថយអត្រាបោះបង់ និងការអនុវត្តស្តង់ដាសាលារៀនគំរូ។

លោក ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការកន្លងមករវាងអង្គការ HKI និងក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតផលវិជ្ជមានជាច្រើនដល់សង្គម។

លោក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍធនធាន មនុស្សនៅកម្ពុជារបស់អង្គការ HKI តាមរយៈការបន្តពង្រឹងអាហារូបត្ថម្ភ និងថែទាំសុខភាពភ្នែកកុមារ ដោយរំលេចថា Helen Keller International បានដើរតួជាដៃគូយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាថា កុមារមានសុខភាពល្អ និងមើលឃើញច្បាស់ ដើម្បីទទួលបានការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន៕

To Top