ព័ត៌មានជាតិ

អាជ្ញាធរមីន ៖ គោលនយោបាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺមិនទុកឱ្យនរណាម្នាក់ បន្តរងគ្រោះ ដោយសារមីនឡើយ

ភ្នំពេញ ៖ លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា គោលនយោបាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គឺមិនទុកឱ្យនរណាម្នាក់ បន្តរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះ ពីសង្រ្គាម ហើយអ្នកនៅរស់រានមានជីវិតជាស្នូល នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការជួយសង្រ្គោះ។

ការថ្លែងរបស់ លោក លី ធុជ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើ អនុស្សារណៈយោគយល់គ្នា រវាងអាជ្ញាធរមីន និងអង្គការ Mayaguez Memorial VFW Post 11575 ស្តីពីការគាំទ្រ ដល់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ។ អនុស្សារណៈយោគយល់នេះ ត្រូវបានចុះហត្ថលេខាដោយ លោក លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការ តំណាងអាជ្ញាធរមីន និងលោក Gary Kidd តំណាងអង្គការ Mayaguez Memorial VFW Post 11575 ។

លោកទេសរដ្ឋមន្រ្តី លី ធុជ លើកឡើងថា កម្ពុជាបានរស់នៅជាមួយនឹងផលវិបាក នៃសង្គ្រាមអស់ជាច្រើន ទសវត្សរ៍មកហើយ។ គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បានសម្លាប់ របួស និងបានរារាំងសហគមន៍ទាំងមូល ហើយការខូចខាតមិនបញ្ចប់ដោយការផ្ទុះនោះទេ វាប៉ះពាល់ដល់គ្រួសារ និងប៉ះពាល់ដល់ជីវភាព រស់នៅរបស់ប្រជាជន។

លោកទេសរដ្ឋមន្រ្តី បន្ដថា ដោយយល់ឃើញពីផលវិបាកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវចក្ខុវិស័យដឹកនាំសកម្មភាពមីន ជាអាទិភាពមួយរបស់កម្ពុជា។ គោលនយោបាយរបស់ សម្តេច សង្កត់ធ្ងន់លើការមិនទុក ឱ្យនរណាម្នាក់ បន្តរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ហើយអ្នក នៅរស់រានមាន ជីវិតជាស្នូលនៃកិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់ជំនួយសង្រ្គោះ ក្នុងនោះរួមមានការផ្តល់ការថែទាំ ការគាំទ្រ និងការផ្តល់ឱកាសជាច្រើន ជាពិសេសបន្តកសាងប្រទេសកម្ពុជា មួយដែលមានសុវត្ថិភាព។

លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សកម្មភាពទាំងអស់ ក្នុងអនុស្សរណៈយោគយល់នេះ នឹងត្រូវអនុវត្ត តាមក្របខណ្ឌជាតិ និងគោលនយោបាយ របស់កម្ពុជាសម្រាប់សកម្មភាពមីន និងជំនួយជនរងគ្រោះ ប្រកបដោយទំនួលខុសត្រូវ ចំពោះប្រជាជនកម្ពុជា៕

To Top