ក្រសួងមហាផ្ទៃ ៖ មានពលរដ្ឋភៀសសឹក ១.១៦០នាក់ទៀត បន្ដវិលត្រឡប់ទៅលំនៅឋានវិញ
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក ១.១៦០នាក់ទៀត បន្ដវិលត្រឡប់ទៅលំនៅឋានវិញ ខណៈនៅមានពលរដ្ឋភៀសសឹកចំនួន ៤៨.១៧១នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញ ។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង ៦ព្រឹក ថ្ងៃទី១ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូល ជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីទាំងសងខាងពុំបានផ្ទុះអាវុធដាក់គ្នានោះឡើយ ។ ក៏ប៉ុន្តែ កម្ពុជា បានតាមដាន និងកត់ត្រាទុកនូវសកម្មភាព មិនស្មោះត្រង់ជាបន្តបន្ទាប់របស់ភាគីថៃ។
ក្រសួង បន្ដថា ជាក់ស្តែង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ពីសហរដ្ឋអាម៉េរិក អំពីសកម្មភាពមិនស្មោះត្រង់របស់យោធា ថៃ ជាពិសេសការដាក់ពង្រាយទូកុងតឺន័រ និងលួសបន្លាកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ជាច្រើនកន្លែង ហួសពី ខ្សែបន្ទាត់ព្រំដែន ដែលថៃខ្លួនឯងធ្លាប់ទទួលស្គាល់ជាយូរមកហើយថាជាអធិបតេយ្យភាពរបស់កម្ពុជា។
ក្រសួង គូសបញ្ជាក់ថា «មានពលរដ្ឋភៀសសឹក ១.១៦០នាក់បន្ថែមទៀត បានបន្ដវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន៤ម៉ឺននាក់ មានជាង ៦សែននាក់ ឬជាង៩២% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន ៤៨.១៧១នាក់ទៀត (ស្ត្រី២៥.១៩៤ នាក់ និងកុមារ១៥.៩៥១នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ»។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា គាំទ្រពេញទំហឹងលើការតវ៉ាយ៉ាង ដាច់អហង្ការរបស់រាជរដ្ឋាភិបាល ចំពោះសកម្មភាពមិនស្មោះត្រង់ជាបន្តបន្ទាប់របស់ភាគីថៃ ពិសេសការចល័តនាវាកងទ័ពជើងទឹកថៃ ចូលក្នុងដែន សមុទ្រកម្ពុជា ដោយចាប់ខ្លួនពលរដ្ឋខ្មែរ៣នាក់ ព្រមទាំងរឹបអូសនាវានេសាទ របស់ពួកគេថែមទៀត៕
