រដ្ឋមន្ដ្រីមហាផ្ទៃ ជឿជាក់ថា ភ្នំពេញ នឹងក្លាយជាក្រុងរដ្ឋបាល ម៉េត្រូប៉ូលីតែន ឈានមុខគេ នាពេលអនាគត
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានបង្ហាញក្តីជឿជាក់យ៉ាងមុតមាំថា រាជធានីភ្នំពេញនឹងវិវត្តន៍ខ្លួនទៅជាទីក្រុងរដ្ឋបាលម៉េត្រូប៉ូលីតែន ដ៏មានសក្តានុពល និងឈានមុខគេមួយ នាពេលអនាគតសម្រាប់ប្រទេសកម្ពុជា ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ស្តីពីការចែករំលែកចំណេះដឹង និងបទពិសោធនៃប្រព័ន្ធរដ្ឋបាលម៉េត្រូប៉ូលីតែន នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានគូសបញ្ជាក់ថា គ្រប់រាជធានី-ខេត្ត ពីនេះទៅមុខអាចនឹងប្រែក្លាយ ទៅជារាជធានី-ខេត្ត ដែលមានប្រព័ន្ធម៉េត្រូប៉ូលីតែន ដើម្បីធានាបាននូវការគ្រប់គ្រងដែនដី ការរៀបចំផែនការអភិវឌ្ឍន៍ និងការផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងឆាប់រហ័ស។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា លក្ខខណ្ឌចម្បងៗដែលរាជធានី-ខេត្តអាចរៀបចំជាប្រព័ន្ធរដ្ឋបាលម៉េត្រូប៉ូលីតែនបាន គឺត្រូវផ្អែកលើកត្តាសំខាន់ចំនួន ៣ រួមមាន ទី១-ចំនួនដង់ស៊ីតេប្រជាពលរដ្ឋ ទី២ -សក្តានុពលសេដ្ឋកិច្ច និងទី៣-ការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធ។ ផ្អែកលើមូលដ្ឋាននៃចំណុចទាំង ៣ នេះហើយ ទើប លោក បង្ហាញក្តីជឿជាក់យ៉ាងមុតមាំថា «រាជធានីភ្នំពេញពិតជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងស័ក្តិសមបំផុតជារាជធានី និងជាក្រុងម៉េត្រូប៉ូលីតែនឈានមុខគេ ដែលនឹងក្លាយជាគំរូសម្រាប់បណ្តាខេត្តសក្តានុពលផ្សេងៗទៀត ក្នុងការបន្តរៀបចំរចនាសម្ព័ន្ធនេះជាបន្តបន្ទាប់»។

ទន្ទឹមនឹងនេះ ប្រមុខ ក្រសួងមហាផ្ទៃ ក៏បានទាញ ចំណាប់អារម្មណ៍ ដោយបង្ហាញការកត់សម្គាល់ពីបទ ពិសោធជោគជ័យ នៃបណ្ដាទីក្រុងធំៗ ក្នុងតំបន់មួយចំនួន ដូចជា ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលមានប្រព័ន្ធរដ្ឋបាលម៉េត្រូប៉ូលីតែន គ្របដណ្ដប់លើការគ្រប់គ្រង តំបន់រដ្ឋបាលពិសេសចំនួន ២៣ខណ្ឌ និងមានកញ្ចប់ថវិកាផ្ទាល់ខ្លួនខ្ពស់ ជាងបណ្ដាខេត្តដទៃទៀត។ ក្នុងនោះដែរ ទីក្រុងម៉ានីល ក៏បានបង្កើតអាជ្ញាធរអភិវឌ្ឍន៍ម៉េត្រូប៉ូលីតែនម៉ានីល ដើម្បីសម្របសម្រួល កិច្ចការងាររួមគ្នា លើការគ្រប់គ្រងចរាចរណ៍ ការចាត់ចែងកាកសំណល់ និងការឆ្លើយតបទៅនឹងគ្រោះ មហន្តរាយផ្សេងៗ ឱ្យមានប្រសិទ្ធភាពខ្ពស់ ។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា ការរៀបចំប្រព័ន្ធរដ្ឋបាលម៉េត្រូប៉ូលីតែន គឺជាចក្ខុវិស័យដ៏វែងឆ្ងាយ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ចាប់តាំងពីចុងនីតិកាលទី៦ និងបន្តមកដល់នីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងគោលដៅធ្វើកំណែទម្រង់ រដ្ឋបាលសាធារណៈឱ្យកាន់តែមានភាពស៊ីវិល័យ និងឆ្លាតវៃ។ លោក បានសង្កត់ធ្ងន់ថា ការរៀបចំប្រព័ន្ធរដ្ឋបាល ម៉េត្រូប៉ូលីតែនដែលរឹងមាំ គឺជាគ្រឹះដ៏សំខាន់ ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ និងជាកម្លាំងចលករក្នុងការទាក់ទាញការវិនិយោគ៕
