ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំ “សង្ក្រាន្តឆ្នាំថ្មី ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

កំពង់ចាម ៖ គណៈកម្មការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ដឹកនាំដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៦ នៅសាលាខេត្តកំពង់ចាម បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ដើម្បីធានាឱ្យបាននូវភាពជោគជ័យ សុវត្ថិភាព និងភពសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

លោក អ៊ុន ចាន់ដា មានប្រសាសន៍ថា យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តកំពង់ចាមបានគ្រោងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋមកលេងកំសាន្ដ ដោយរៀបចំលេងល្បែងប្រជាប្រិយ និងកម្មវិធីសប្បាយៗជាច្រើនទៀត ក្នុងគោលបំណងលើកកម្ពស់វប្បធម៌ខ្មែរ។

លោកអភិបាលខេត្ត បន្តថា ការរៀបចំសង្ក្រាន្តឆ្នាំនេះ មិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីអត្តសញ្ញាណវប្បធម៌ដ៏រស់រវើក និងការសាមគ្គីភាពរបស់ប្រជាជាតិយើងដែលការរៀបចំសង្ក្រាន្ត នឹងប្រព្រឹត្តទៅ
រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់
ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានជំរុញឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រួតពិនិត្យលើការតុបតែងលម្អ ការការពារសន្តិសុខសណ្តាប់ធ្នាប់ និងការសម្រួលចរាចរណ៍ ដើម្បីទទួលស្វាគមន៍ទេវតាឆ្នាំថ្មី និងបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ក៏ដូចជាការជួបជុំក្រុមគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពរីករាយ និងសុវត្ថិភាព ៕

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា

To Top