ព័ត៌មានជាតិ

លោកប៉ែន បូណា ៖ សម្តេចធិបតីពុំដែលបានស្នើសុំចរចា ជាមួយភាគីថៃ រឿងព្រំដែនទេ

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោកប៉ែន បូណាគូសបញ្ជាក់យ៉ាងច្បាស់ៗថា សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ពុំដែលបានបង្ហោះសារស្នើសុំទៅភាគីថៃដើម្បីចរចារឿងបញ្ហាព្រំដែនឡើយ។

ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលនេះ បន្ទាប់ពីបានឃើញប្រព័ន្ធផ្សាយព័ត៌មានថៃបានស្រង់សម្តីរបស់លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃមកផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នេះថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហោះសារតាមបណ្តាញសង្គមថា កិច្ចចរចាដើម្បីទាមទារទឹកដីមកវិញអាចត្រូវធ្វើឡើងនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មី ឬក្រោយកម្មវិធី «នគរសង្ក្រាន»។

ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីពុំដែល បានមានប្រសាសន៍ឬបង្ហោះសារតាមបណ្តាញសង្គមណាមួយអំពីការចរចាតាមរយៈយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នឹងត្រូវធ្វើនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីដូចដែលបានលើកឡើងខាងលើនោះឡើយ។

លោកបន្តថា ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាមានភាពច្បាស់លាស់ គឺគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងផ្សេងទៀតដែលមានស្រាប់ ដោយអនុញ្ញាតឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ធ្វើការងារឱ្យបានឆាប់រហ័សបំផុតដើម្បីដោះស្រាយបញ្ហាព្រំដែននិងធានាសន្តិភាពយូរអង្វែងតាមព្រំដែនរវាងប្រទេសទាំងពីរ ដោយមិនរង់ចាំដល់ក្រោយពិធីចូលឆ្នាំនោះឡើយ។

អ្នកនាំពាក្យបន្ថែមថា ជាក់ស្តែង គិតចាប់ពីបទឈប់បាញ់លើកទី២ ចូលជាធរមានកាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនដែលតំណាងឱ្យ JBC កម្ពុជាបានដាក់សំណើទៅកាន់ភាគីថៃចំនួន ៥លើកមកហើយដើម្បីស្នើសុំឱ្យភាគីថៃចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះដើម្បីចុះធ្វើការងារនៅលើដីជាក់ស្តែងប៉ុន្តែថៃយកលេសពន្យាពេលរហូត៕

To Top