កម្ពុជា បន្ដបណ្ដេញ ជនបរទេសខុសច្បាប់ ៧២៤នាក់ទៀត ចេញពីប្រទេស
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានជនបរទេស ៧២៤នាក់ខុសច្បាប់ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា នៅថ្ងៃទី៧ ដល់ ១០ ខែមីនា ឆ្នាំ២០២៦នេះ អនុវត្តតាមអនុសាសន៍ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន ៧២៤នាក់ (ស្រី ១៦៣នាក់) ចេញពីកម្ពុជា។

ជនបរទេសទាំងនោះ មាន ១៥សញ្ជាតិ រួមមានចិន ជប៉ុន ប៉ាគីស្ថាន ឥណ្ឌា យ៉ូហ្គង់ដា ឥណ្ឌូនេស៊ី ចិនតៃវ៉ាន់ កូរ៉េ ហ្វីលីពីន នេប៉ាល់ វៀតណាម បង់ក្លាដេស អេត្យូពី នីហ្សេរីយ៉ា និងកាមេរូន ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ជនបរទេសទាំងអស់នេះពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន ឆបោកតាមប្រព័ន្ធអនឡាញ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ និងធ្វើការងារខុសច្បាប់នៅ កម្ពុជា។
សូមរំលឹកថា ការបណ្ដេញចេញជនជាតិ បរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការ ច្បាប់យ៉ាងម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង បោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្ម តាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការ លើកលែងនោះឡើយ ចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយ សង្គ្រោះជនរងគ្រោះ ដែលត្រូវមេខ្លោង បោកបញ្ឆោត ឱ្យមកធ្វើការក្នុងសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅ ប្រទេសរបស់ខ្លួនវិញ ៕
