រដ្ឋមន្រ្តីរ៉ែ ៖ ពលរដ្ឋដែលមិនចាំបាច់ប្រើប្រាស់ប្រេងឥន្ទនៈ ត្រូវពន្យារពេលសិន
ភ្នំពេញ ៖ ខណៈវិបត្តិប្រេង កំពុងកើតឡើង នៅទូទាំងសកល ដោយសារសង្គ្រាមផ្ទុះឡើង នៅតំបន់មជ្ឈិមបូព៌ា លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ដែលមានភារកិច្ចមើលការខុសត្រូវ លើវិស័យ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមិនចាំបាច់ ក្នុងការប្រើប្រាស់ ប្រេងឥន្ទនៈ ត្រូវពន្យារពេលសិន ដើម្បីចូលរួមសន្សំចៃ និងចែករំលែក ទៅពលរដ្ឋផ្សេងទៀត ដែលមានតម្រូវការចាំបាច់បំផុត ។

ក្នុងជំនួបជាមួយប្រជាពលរដ្ឋ នៅខេត្តពោធិ៍សាត់ លោក កែវ រតនៈ ថ្លែងថា ការអំពាវនាវ ឲ្យប្រជាពលរដ្ឋប្រើប្រាស់ប្រេង ដោយសន្សំចៃក្នុងករណីមិនចាំបាច់នេះ ដើម្បីទុកឱកាសដល់ក្រុមអ្នករត់ម៉ូតូឌុប កងបី និងរថយន្តឈ្នួល ដើម្បីជួយទ្រទ្រង់មុខរបររបស់ពួកគាត់ដំណើរការទៅមុខទៀត ក្នុងការផ្គត់ផ្គង់តម្រូវការគ្រួសារ។
លោកបញ្ជាក់ថា “ចឹងខ្ញុំអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋយើង ក៏ដូចជាអ្នកពោធិ៍សាត់យើង ចំពោះការប្រើប្រាស់គ្រឿង ចក្រទាំងឡាយណាដែលប្រើម៉ាស៊ូត ឬប្រេងសាំង ប្រេងកាតមិនចាំបាច់ក្នុងស្ថានភាពនេះ សូមជួយផ្អាកពន្យាសិន ដើម្បីចែករំលែកប្រេងដែលសេសសល់ទុកឲ្យបងប្អូនយើងដែលចាំបាច់ហ្នឹងគាត់ប្រើ ឬមួយផែនការខ្លះមិនចាំបាច់ ផែនការខ្លះដែលអាចពន្យាបាន ហើយមិនប៉ះពាល់ ពន្យាទៅ”។
ជាមួយនឹងសំណើឲ្យពន្យារនេះ រដ្ឋមន្រ្តីបានលើកឡើងពីករណីជាក់ស្តែងមកពន្យល់ថា ដូចជាការជីកបឹង ប្រឡាយ ឬស្រះឲ្យវត្តអារាមប្រើប្រាស់ ត្រូវពន្យាពេលសិន ខណៈក្នុងដំណាក់កាលនេះទាំងអស់គ្នា ត្រូវតែមានការអត់ធ្មត់ ដោយត្រូវរួមគ្នាសន្សំចៃ ។
លោក កែវ រតនៈ អះអាងថា បើតាមការព្យាកររបស់អ្នកជំនាញ វិបត្តិដែលកំពុងកើតឡើង នៅមជ្ឈិមបូព៌ា ហើយប៉ះពាល់ដល់ប្រេងឥន្ទនៈជាសកលនេះ នឹងអាចកើតឡើងក្នុងរយៈពេលខ្លី ។
ចំពោះការជួបការលំបាក នៅទូទាំងសកលលោកនេះរដ្ឋមន្រ្តីក្រសួងរ៉ែបានលើកឡើង ពីអតីតកាលថា មិនមែនទើបតែកើតឡើងនោះទេ ជាក់ស្តែងកម្ពុជាធ្លាប់បានជួបប្រទះកាលពីអំឡុងសង្គ្រាមស៊ីវិលក្នុងប្រទេស ប៉ុន្តែកម្ពុជានៅតែឆ្លងផុតបន្ទាត់ក្រហមដ៏គ្រោះថ្នាក់រហូតដល់មានសុខសន្តិភាពមកដល់សព្វថ្ងៃ ។ ដូច្នេះបញ្ហារឿងប្រេងនេះ ក៏មិនខុសគ្នាដែរ ។
សូមបញ្ជាក់ថា កាលពីរាត្រីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃប្រេងឥន្ធនៈ សម្រាប់លក់នៅតាមបណ្តាស្ថានីយនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១១-១៣ មីនា គឺសាំងធម្មតា ៥,២០០រៀល និងម៉ាស៊ូត ៦,០៥០រៀល ។ ជាមួយនឹងការប្រកាស ពីតម្លៃប្រេងនេះដែរ ក៏មានស្ថានីយលក់ប្រេង នៅបណ្តាខេត្តមួយចំនួនផ្អាក ដំណើរផងដែរ ដូចជានៅតាកែវកាលពីថ្ងៃ១០ មីនា បានបិទបណ្តោះអាសន្នជាង៨០ស្ថានីយ និងខេត្តបាត់ដំបង មានស្ថានីយប្រេងឥន្ធនៈ ចំនួន១៤១ទីតាំង ស្មើនឹង៣៦% ត្រូវបានផ្អាកបណ្តោះអាសន្ន ដែរនៅព្រឹកថ្ងៃទី១១ មីនានេះ ៕
