ព័ត៌មានជាតិ

រដ្ឋមន្ត្រីទេសចរណ៍ ៖ ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ នៅខេត្តក្រចេះ ជាឱកាសដ៏សំខាន់​ ក្នុងការបង្ហាញ សក្តានុពលទេសចរណ៍ តាមដងទន្លេកម្ពុជា

ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ នៅខេត្តក្រចេះ គឺជាឱកាសដ៏សំខាន់​ ក្នុងការបង្ហាញសក្តានុពលទេសចរណ៍ តាមដងទន្លេរបស់កម្ពុជា និងជំរុញការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ដើម្បីលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅខេត្តក្រចេះ ។

ការថ្លែងរបស់លោករដ្ឋមន្ត្រី ហួត ហាក់ ធ្វើឡើងនាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ​ លើកទី១០ នៅខេត្តក្រចេះ ក្រោមប្រធានបទ៖ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ សរុបចំនួន ៥០រូប នៅទីស្តីការក្រសួងទេសចរណ៍ ។

ការត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ​ ក្នុងការរៀបចំព្រឹត្តិការណ៍បុណ្យទន្លនេះ ដោយផ្តោតលើចំណុច​សំខាន់ៗ​ មួយចំនួនដូចជា កម្មវិធី ទីតាំងកម្មវិធី ស្តង់ពិព័រណ៌ ទស្សនីយភាពសិល្បៈ កម្មវិធីវប្បធម៌ សាសនា កីឡា មនុស្សធម៌ សិក្ខាសាលា ការរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដើម្បីធានាឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅ ដោយរលូននិងជោគជ័យ ក្នុងស្មារតីសាមគ្គីភាព និង ទេសចរណ៍ផ្សារភ្ជាប់ទឹកដី៕

To Top