ព័ត៌មានជាតិ

ក្រុមហ៊ុនអន្តរជាតិ​​​ VINCI Group​​ ប្ដេជ្ញាបន្តផ្សព្វផ្សាយ សក្តានុពលទេសចរណ៍កម្ពុជា ដល់ពិភពលោក

ភ្នំពេញ៖​ ក្រុមហ៊ុន VINCI Group ដែលជាក្រុមហ៊ុនអន្តរជាតិ ឈានមុខគេ​ ក្នុងការគ្រប់គ្រង និងដំណើរការអាកាសយានដ្ឋានធំៗ បានប្ដេជ្ញា បន្តកិច្ចសហការផ្សព្វផ្សាយ សក្តានុពលទេសចរណ៍របស់កម្ពុជា ដល់ពិភពលោក ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោក Emmanuel MENANTEAU សមាជិកគណៈកម្មាធិការប្រតិបត្តិ នៃក្រុមហ៊ុន VINCI Airport និងជានាយកទទួលបន្ទុក តំបន់សហរដ្ឋអាមេរិក អឺរ៉ុបខាងជើង និងខាងកើត និងអាស៊ីអាគ្នេយ៍ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Société Concessionnaire de l’Aéroport (SCA) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងជំនួបកិច្ចពិភាក្សានេះ ខាងតំណាងក្រុមហ៊ុន បានលើកឡើង ពីសមាសភាពថ្នាក់ដឹកនាំថ្មីរបស់ក្រុមហ៊ុន និងការធ្វើបច្ចុប្បន្នភាព អំពីសកម្មភាពចុងក្រោយ​ នៃអាកាសយានដ្ឋាន នៅខេត្តព្រះសីហនុ និងវឌ្ឍនភាព នៃអាកាសយានដ្ឋានអន្តរជាតិតេជោ ព្រមទាំងការផ្លាស់ប្តូរ និងពិភាក្សាអំពីទស្សនវិស័យ លើវិស័យទេសចរណ៍ និងវិស័យសក្តានុពល សម្រាប់កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងទេសចរណ៍ ក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា (CTB) និងក្រុមហ៊ុន ក្នុងការរៀបចំផែនការសកម្មភាព ផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ មកកាន់ព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។

ជាការឆ្លើយតប លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ចំពោះក្រុមហ៊ុនដែលបានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យអាកាសចរណ៍ និងការគាំទ្រដល់ការរីកចម្រើន នៃវិស័យទេសចរណ៍កម្ពុជារហូតមក។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីសារៈសំខាន់ នៃការពង្រឹងកិច្ចសហការ រវាងវិស័យអាកាសចរណ៍ និងវិស័យទេសចរណ៍ ក្នុងការលើកកម្ពស់ការតភ្ជាប់អន្តរជាតិ និងការអភិវឌ្ឍវិស័យទេសចរណ៍ ឱ្យកាន់តែមានចីរភាព និងប្រកួតប្រជែងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិផងដែរ។

តាមរយៈកិច្ចជំនួបដ៏សំខាន់នេះ ភាគីទាំងពីរ បានឯកភាព បន្តសហការរៀបចំផែនការសកម្មភាពផ្សព្វផ្សាយ សក្តានុពលទេសចរណ៍កម្ពុជា និងពង្រឹងការតភ្ជាប់ផ្លូវអាកាស ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ មកកាន់កម្ពុជាកាន់តែច្រើន៕

To Top