ព័ត៌មានជាតិ

សម្តេចម៉ែន សំអន ៖ កុមារដែលអាចអានស្ទាត់ជំនាញ ប្រាកដជារៀនបានលទ្ធផលល្អ

ភ្នំពេញ ៖ សម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ បានលើកឡើងថា កុមារដែលអាចអានបានស្ទាត់ជំនាញ ប្រាកដជារៀនទទួលបានលទ្ធផលល្អ នៅគ្រប់មុខវិជ្ជាទាំងអស់ នៅគ្រប់កម្រិតសិក្សា ។
ក្នុងទិវាជាតិអំណានលើកទី១១ ក្រោមប្រធានបទ “សំណេរនិងអំណានក្នុងបរិបទថ្មី” នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ សម្តេច ម៉ែន សំអន មានប្រសាសន៍ថា ការលើកកម្ពស់ការអាន និងការសរសេរ ក្នុងបរិបទថ្មីមិនមែនគ្រាន់តែជាការទទួលខុសត្រូវរបស់ ក្រសួងអប់រំ យុវជន និងកីឡា និងសាលារៀននោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមគ្នារបស់គ្រួសារ សហគមន៍ និងសង្គមទាំងមូល។

សម្តេច ម៉ែន សំអនបន្ថែមថា ឪពុកម្តាយលើកទឹកចិត្តកូនៗរបស់ពួកគេឱ្យអាននៅផ្ទះ គ្រូបង្រៀនជំរុញការអាន និងការសរសេរក្នុងថ្នាក់រៀន និងសហគមន៍ដែលឱ្យតម្លៃដល់ចំណេះដឹង សុទ្ធតែដើរតួនាទីយ៉ាងសំខាន់ក្នុងការចិញ្ចឹមបីបាច់អ្នកអាន និងអ្នកនិពន្ធជំនាន់ក្រោយ។
ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របន្តថា សិស្ស និងយុវជនដែលអានបានច្រើន នឹងអាចស្វែងរកឱកាសរៀនជំនាញថ្មីៗ និងសម្របខ្លួនទៅនឹងកាលៈទេសៈដែលកំពុងផ្លាស់ប្តូរ។ សិស្ស និងយុវជន ដែលសរសេរបានល្អ នឹងអាចបង្កើតទំនាក់ទំនងប្រកបដោយទំនុកចិត្ត និងចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមរបស់សហគមន៍។

សម្តេចម៉ែន សំអនបញ្ជាក់ថា ប្រព័ន្ធអប់រំរបស់កម្ពុជាត្រូវតែធានាថា កុមារគ្រប់រូប ត្រូវបានអភិវឌ្ឍជំនាញអក្ខរកម្មរឹងមាំចាប់ពីកម្រិតថ្នាក់ដំបូង ព្រោះកាលណាកុមារដែលអាចអានបានស្ទាត់ជំនាញ ប្រាកដជារៀនបានលទ្ធផលល្អនៅគ្រប់មុខវិជ្ជាទាំងអស់នៅកម្រិតសិក្សា។ ចំពោះសិស្សដែលសរសេរបានល្អ ប្រាកដជាអភិវឌ្ឍន៍សមត្ថភាពរឹងមាំ ក្នុងការរៀបចំគំនិត ការបញ្ចេញមតិ និងការចូលរួមប្រកបដោយស្ថាបនានៅក្នុងសង្គម។

សម្តេចសង្កត់ធ្ងន់ថា ដូច្នេះត្រូវតែលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យឱបក្រសោបការអាន និងការសរសេរជាឧបករណ៍ពេញមួយជីវិតសម្រាប់ការរៀនសូត្រ ភាពច្នៃប្រឌិត និងការទទួលខុសត្រូវ៕

To Top