ព័ត៌មានជាតិ

លោក ប៉ែន បូណា ៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ សុខទុក្ខពលរដ្ឋកម្ពុជា នៅមជ្ឈិមបូព៌ា

ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងថា រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បន្តតាមដានយកចិត្តទុកដាក់ និងមានក្តីបារម្ភបំផុតចំពោះការវិវត្តនៃសភាពការណ៍នៃជម្លោះនៅតំបន់មជ្ឈិមបូព៌ា ជាពិសេសលើសុខទុក្ខពលរដ្ឋខ្មែរដែលកំពុងធ្វើការនិងសិក្សានៅទីនោះជាប់ជាប្រចាំ។

ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦លោកប៉ែន បូណា មានប្រសាសន៍ថា ស្ថានទូតកម្ពុជាប្រចាំ នៅប្រទេសមួយចំនួនក្នុងតំបន់មជ្ឈិមបូព៌ា បានទទួលការណែនាំឱ្យទាក់ទងជាប្រចាំជាមួយអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសម្ចាស់ផ្ទះ ក៏ដូចជាមួយតំណាងប្រជាពលរដ្ឋ និង និស្សិតកម្ពុជា ក្នុងការតាមដានពីសុខទុក្ខ និងឆ្លើយតបសេចក្តីត្រូវការជំនួយជាយថាហេតុ ដើម្បីធានាសុខសុវត្ថិភាពរបស់ពួកគេ ។

អ្នកនាំពាក្យបន្តថា “តាមព័ត៌មានដែលទទួលបានថ្មីៗនេះ ប្រជាពលរដ្ឋកម្ពុជារួមទាំងសិស្ស-និស្សិតសរុប៥៩៥នាក់ ដែលកំពុងស្នាក់នៅតំបន់មជ្ឈិមបូព៌ា បានរក្សាការប្រុងប្រយ័ត្នយ៉ាងខ្ជាប់ខ្ជួន និងមានសុវត្ថិភាពទាំងអស់គ្នា” ។

លោកបញ្ជាក់ថា ជាថ្មីម្តងទៀត រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស អំពាវនាវដល់ពលរដ្ឋកម្ពុជា ព្រមទាំងសិស្ស-និស្សិត ដែលកំពុងស្នាក់នៅ និងសិក្សាតាមបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា រួមមាន ៖ ដូចជា អ៊ីស្រាអែល កាតា គុយវ៉ែត អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងប្រទេសបារ៉ែន បន្តគោរពតាមការណែនាំរបស់ប្រទេសម្ចាស់ផ្ទះអំពីកិច្ចការពារសុវត្ថិភាពផ្ទាល់ខ្លួន៕

To Top