បង្ក្រាបករណី Scam Online និងជនបរទេសស្នាក់នៅខុសច្បាប់ នៅក្រុងព្រះសីហនុ ឃាត់ខ្លួនជនបរទេស ១៣នាក់
ព្រះសីហនុ ៖ សមត្ថកិច្ច បានបង្ក្រាបករណី Scam Online និងជនបរទេសស្នាក់នៅខុសច្បាប់ នៅលើទីតាំងបឹងហ្គាឡូ គីម ឈី ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនបរទេសចំនួន ១៣នាក់។

ប្រតិតបត្តិការនេះ អនុវត្តន៍តាមបទបញ្ជារបស់ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ គណៈបញ្ជាការឯកភាពខេត្ត ដឹកនាំដោយលោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានចុះបង្ក្រាបករណី Scam Online និងជនបរទេសដែលស្នាក់នៅដែលខុសច្បាប់ នៅលើទីតាំងបឹងហ្គាឡូ គីម ឈី ស្ថិតនៅក្រុមទី១២ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។
ជាលទ្ធផលនៃប្រតិបត្តិការខាងលើនេះគឺបានឃាត់ខ្លួនមនុស្ស និងវត្ថុតាង ដូចជា ៖ ឃាត់ខ្លួនជនបរទេសចំនួន ១៣នាក់, កុំព្យូទ័រចំនួន ០៨គ្រឿង។

បច្ចុប្បន្នជនបរទេស និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាន ដើម្បីបន្តនីតិវិធី។
នេះគឺជាសកម្មភាពដ៏សំខាន់មួយរបស់គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ជាពិសេសទៅលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ (Scam Online) និងការគ្រប់គ្រងជនបរទេសដែលស្នាក់នៅខុសច្បាប់ ដែលស្របទៅនឹងការអនុវត្តខ្លឹមសារអនុក្រឹត្យ របស់រាជរដ្ឋាភិបាល។ ការចុះប្រតិបត្តិការដែលទទួលបានលទ្ធផលជាក់ស្តែងបែបនេះ គឺជាសារមួយយ៉ាងច្បាស់ដល់ក្រុមជនល្មើសថា សមត្ថកិច្ចកម្ពុជាមិនអត់ឱនចំពោះសកម្មភាពខុសច្បាប់ទាំងនេះឡើយ៕

