ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ស ថេត ណែនាំស្នងការថ្មី នៃខេត្តបន្ទាយមានជ័យ ត្រូវបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីធានាសន្ដិសុខ ជូនពលរដ្ឋ

បន្ទាយមានជ័យ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ត្រូវរក្សាសាមគ្គីផ្ទៃក្នុងអង្គភាព ពង្រឹងរបៀបរបរនៃការធ្វើការងារ និងបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទពិសេស Online Scam និងការគ្រប់គ្រងជនបរទេស អនុវត្តតាមបទបញ្ជា របស់រាជរដ្ឋាភិបាល ដើម្បីធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុង ខេត្តបន្ទាយមានជ័យឲ្យបានល្អប្រសើរ។

ការណែនាំរបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ លោក ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅសាលាខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានលើកឡើងអំពីសភាពការណ៍ពិភពលោក ដែលបាននិងកំពុងកើតឡើង ព្រមទាំងការត្រៀមលក្ខណៈរបស់កម្ពុជា ចំពោះព្រឹត្តិការណ៍សំខាន់ៗដែលនឹងរៀបចំនៅពេលខាងមុខ។

នាយឧត្តមសេនីយ៍ ស ថេត ក៏បានគូសបញ្ជាក់អំពីសភាពការណ៍ព្រំដែនរវាងកម្ពុជា-ថៃ កាលពីពេលកន្លងទៅ និងភាពផុយស្រួយនៃបទឈប់បាញ់។ ប៉ុន្ដែ នាយឧត្តមសេនីយ៍ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាព្រំដែនដោយសន្ដិវិធី បញ្ចៀសការផ្ទុះអាវុធ និងយន្ដការកាទូតលើឆាកអន្ដរជាតិផងដែរ។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានកោតសរសើរ ដល់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដែលកាលនៅក្នុងមុខតំណែង បានខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចបានល្អ ទាំងការងារ បញ្ជាដឹកនាំ ពិសេសការងារព្រំដែន ដែលបានប្រកៀកស្មាគ្នា ជាមួយកងយោធពលខេមរភូមិន្ទ ឈរជើងយ៉ាងរឹងមាំការពារបូរណភាពទឹកដី អធិបតេយ្យជាតិ តស៊ូស្វិតស្វាញ់ ក្រាញននៀលដោយគ្មានការរួចរាឡើយ ៕

To Top