អាជ្ញាធរខេត្តកំពង់ចាម បានដាក់វិធានការមិនឲ្យមានស្ថានីយប្រេងឥន្ធនៈ ស្តុកប្រេងទុកលក់ ពេលប្រេងឡើងថ្លៃ
កំពង់ចាម ៖ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានដាក់វិធានការឲ្យមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យតាមបណ្ដាស្ថានីយប្រេងឥន្ធនៈក្នុងខេត្តកំពង់ចាម ក្នុងគោលបំណងមិនឲ្យមានស្ថានីយប្រេងឥន្ធនៈ ស្តុកប្រេងទុកលក់ ពេលប្រេងឡើងថ្លៃនោះឡើយ ។

លោកអភិបាលខេត្ត បានលើកឡើងថា ម្ចាស់អាជីវកម្មត្រូវលក់តាមតម្លៃកំណត់មានន័យថា រាល់ស្ថានីយទាំងអស់ត្រូវតែលក់ប្រេងឥន្ធនៈ តាមតម្លៃសេចក្តីជូនដំណឹងដែលចេញដោយក្រសួងពាណិជ្ជកម្ម ដោយហាមឃាត់ការស្តុកទុកដោយខុសច្បាប់ ដូចជាការផ្អាកលក់ដោយគ្មានមូលហេតុបច្ចេកទេសត្រឹមត្រូវ ឬការលាក់ទុកប្រេងឥន្ធនៈដើម្បីរង់ចាំលក់ក្នុងតម្លៃខ្ពស់ គឺជាទង្វើខុសច្បាប់។

លោកអភិបាលខេត្តបន្តថា ប្រសិនបើករណីរកឃើញម្ចាស់អាជីវកម្មណា ដែលបានប្រព្រឹត្តល្មើស រដ្ឋបាលខេត្តនិងប្រើវិធានការ ដោយការផាកពិន័យជាប្រាក់ទៅតាមទំហំនៃបទល្មើសដែលបានកំណត់ក្នុងច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល និងសេវា។ ក្នុងករណីធ្ងន់ធ្ងរ នឹងសម្រេចបិទអាជីវកម្ម ឬដកហូតអាជ្ញាប័ណ្ណលក់ដូរជាបណ្ដោះអាសន្ន ឬអចិន្រ្តៃយ៍។ ដូចច្នេះម្ចាស់អាជីវកម្មត្រូវរក្សាឲ្យបាននូវក្រមសីលធម៌ មិនត្រូវឆ្លៀតឱកាសកេងចំណេញលើការលំបាករបស់ប្រជាពលរដ្ឋនោះឡើយ។
លោកអភិបាលខេត្ត បានចេញបញ្ជាឲ្យ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បន្តចុះត្រួតពិនិត្យជាប់ជាប្រចាំដូចភ្លៀងរលឹម ៕
អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា
