ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច អញ្ជើញជួបប្រជុំជាមួយក្រុមវារីវប្បករខ្មែរ (KAG) និងក្រុមអ្នកវិនិយោគ

ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបប្រជុំជាមួយក្រុមវារីវប្បករខ្មែរ និងអ្នកវិនិយោគិន ស្តីពីការស្វែងរកមធ្យោបាយក្នុងការវិនិយោគរបស់ ក្រុមវារីវប្បករខ្មែរ (KAG) ។

កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពិភាក្សារៀបចំយុទ្ធសាស្ត្រ និងស្វែងរកមធ្យោបាយក្នុងការវិនិយោគ និងចូលរួមចំណែកអភិវឌ្ឍន៍ចំពោះវិស័យវារីវប្បកម្មផ្នែកត្រីក្នុងប្រទេសកម្ពុជា។

នៅក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពី អនុប្រធានសមាគមបណ្តាញកសិករតេជោ ទទួលបន្ទុកផ្នែកវារីវប្បកម្ម ព្រមទាំងម្ចាស់កសិដ្ឋានចិញ្ចឹមត្រី អ្នកផ្គត់ផ្គង់ធាតុចូល និងអ្នកវិនិយោគ សរុបប្រមាណ ២០ នាក់។

នៅកិច្ចប្រជុំនេះ បានធ្វើបទបង្ហាញអំពីសាវតារបស់ក្រុមហ៊ុន ផេងហ្កាខ្វា ដែលនឹងត្រៀមប្រែក្លាយខ្លួនទៅជា ក្រុមវារីវប្បករខ្មែរ (KAG) ដែលជាក្រុមហ៊ុនសហគមន៍មួយបម្រើដល់ប្រជាកសិករខ្មែរដែលអាចបង្កើនការផ្គត់ផ្គង់ផលវារីវប្បកម្មផ្នែកត្រីក្នុងស្រុក ជំនួសការនាំចូលនាពេលអនាគត និងការពង្រីកវិសាលភាពរបស់ក្រុមហ៊ុន ក្នុងគោលបំណងធ្វើសមាហរណកម្មគ្រប់ជ្រុងជ្រោយដោយមានការចូលរួមពី អ្នកវិនិយោគ អ្នកផ្គត់ផ្គង់ធាតុចូល កសិករ និងអ្នកទទួលទិញចុងក្រោយ។

ថ្លែងក្នុងកិច្ចប្រជុំនោះ លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍ណែនាំ និងលើកទឹកចិត្តដល់ ក្រុមវារីវប្បករខ្មែរ (KAG) ឱ្យមានការរៀបចំពង្រឹងរចនាសម្ព័ន្ធផ្ទៃក្នុង ដើម្បីក្លាយជាក្រុមហ៊ុនសហគមន៍មួយ ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរពីការប្រកួតប្រជែងតម្លៃនៅក្នុងទីផ្សារ មកជាការប្រកួតប្រជែងបែបសហប្រតិបត្តិការ ព្រមទាំងសម្តែងឆន្ទៈខ្ពស់ក្នុងការបង្កើនគុណភាព កាត់បន្ថយថ្លៃដើមផលិតឱ្យមានតម្លៃសមរម្យ មានស្តង់ដាររួម រួមទាំងអាចតភ្ជាប់តួអង្គទាំងអស់ក្នុងវិស័យវារីវប្បកម្មផ្នែកត្រីនេះ។

លោកបណ្ឌិតប្រតិភូ ក៏បានមានប្រសាសន៍ជំរុញឱ្យមានការបង្កើតជាសួនបន្លែធម្មជាតិនៅតាមឃុំនៃខេត្តនីមួយៗដើម្បីលក់ផលិតផលក្នុងស្រុក រួមមាន៖ មាន់ ទា ត្រី ជ្រូក គោ បន្លែ និងផ្លែឈើ ដែលនឹងអាចជួយលើកតម្កើងផលិតផលនៅក្នុងស្រុក និងជួយសម្រួលក្នុងការទិញលក់ផលិតផលរបស់ប្រជាកសិករផងដែរ៕

To Top